ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្តជើងចាស់សញ្ជាតិកាតា Nasser Al-Attiyah បានគ្រងជើងឯកការប្រណាំងរថយន្តចម្ងាយឆ្ងាយ Dakar Rally ជាលើកទី៥ ក្នុងអាជីព ស្របពេលកីឡាករអាហ្សង់ទីនឈ្នះជើងឯកផ្នែកម៉ូតូ។

Al-Attiyah ដែលជាអ្នកការពារតំណែងជើងឯកជាមួយនឹងជំនួយការសញ្ជាតិបារាំង Mathieu Baumel បើកបររថយន្តតូយ៉ូតា បានបញ្ចប់ការប្រកួតដំណាក់កាលចុងក្រោយនៅចំណាត់ថ្នាក់លេខ ១៤ តែនៅក្នុងតារាងចំណាត់ថ្នាក់រួម មានវេលាចំណេញពីអ្នកលេខ២ កីឡាករបារាំងជើងឯក Rally ពិភពលោក ៩សម័យ Sebastien Loeb ដល់ទៅ ១ម៉ោង ២០នាទី។ កីឡាករសញ្ជាតិកាតាដែលនាំមុខគេតាំងពីដំណាក់កាលទី៣ បច្ចុប្បន្នឈរលេខ២ ក្នុងតារាងអ្នកដែលឈ្នះជើងឯក Dakar Rally ច្រើនជាងគេលើផ្នែករថយន្តតាមពីក្រោយកីឡាករបារាំង Stephane Peterhansel ដែលឈ្នះសរុបដល់ទៅ ៨លើក។
ងាកមកការប្រកួតផ្នែកម៉ូតូវិញ កីឡាករអាហ្សង់ទីន Kevin Benavides បានយកឈ្នះប្រជែងឈ្នះកីឡាករអូស្ត្រាលី Toby Price នៅដំណាក់កាលចុងក្រោយដោយមកដល់ទីព្រ័ត្រមុនគេ ៥៥វិនាទី និងបានក្លាយជាជើងឯកផ្នែកម៉ូតូក្រោយមានវេលាចំណេញពី Toby Price ៤៣វិនាទីដែលដំបូងឡើយជាអ្នកនាំមុខគេ។ ផ្នែកម៉ូតូកង់បួនកីឡាករបារាំង Alexander Giroud គឺជាជើងឯកពីរឆ្នាំជាប់គ្នា ខណៈផ្នែករថយន្តធំកីឡាករហូឡង់ Janus Van Kasteren ប្រើប្រាស់រថយន្ត Ivesco និងបានបញ្ចប់ដំណើរជោគជ័យរបស់រថយន្ត Kamaz ដែលកាន់កាប់ជើងឯកតាំងពីឆ្នាំ២០១៧៕
អត្ថបទ៖នាង សុភាវុធ