កោះកុង៖ តំបន់អារ៉ែង ស្ថិតនៅក្នុងស្រុកថ្មបាំង កំពុងក្លាយជាទីពេញនិយមលំហែកាយកម្សាន្តសម្រាប់អ្នកទេសចរគ្រប់មជ្ឈដ្ឋាន តាមរយៈការចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍ពីវិស័យឯកជន ខណៈដែលរាជរដ្ឋាភិបាលបើកប្រទេសស្តារសេដ្ឋកិច្ចឡើងវិញ។
បន្ទាប់ពីញំាញីដោយសារវិបត្តិជំងឺកូវីដ១៩ តំបន់អារ៉ែង ត្រូវបានអភិវឌ្ឍន៍ជាទីកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនពីសំណាក់វិស័យឯកជន ដើម្បីបំពេញតម្រូវការសេវាកម្មស្នាក់នៅ និងលំហែកាយរបស់ភ្ញៀវទេសចរណ៍ស្ទើរគ្រប់រដូវកាល។
ជាក់ស្តែង អំឡុងពេលរីករាលដាលជំងឺកូវីដ១៩ Areng Camping ស្ថិតនៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង លាក់ខ្លួនសង្ងំកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍យ៉ាងម៉ត់ចត់ រហូតដល់ផ្តើមបើកទ្វារទទួលគ្រប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលលេងកម្សាន្តជាង ៤ខែមកនេះ។
លោក ភោគ សុខេម តំណាងអ្នកគ្រប់គ្រង Areng Camping បានឱ្យដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣កន្លងទៅថ្មីៗថា មូលហេតុដែលលោកកែច្នៃជាតំបន់ទេសចរណ៍ដ៏គួរទាក់ទាញនេះឡើង ព្រោះថាតំបន់អារ៉ែងសំបូរទៅដោយសក្តានុពលអេកូទេសចរធម្មជាតិបែបលក្ខណៈនឹងទឹកជ្រោះព្រៃភ្នំ បើធៀបខេត្តតំបន់ភ្នំដ៏ទៃទៀតក្នុងប្រទេសកម្ពុជា។
លោក ភោគ សុខេម បង្ហាញបន្ថែមថា Areng Camping បានកំពុងតែក្លាយជាតំបន់ដ៏និយមមួយសម្រាប់អ្នកទេសចរគ្រប់មជ្ឈដ្ឋានដែលមានបំណងមកលំហែកាយកម្សាន្ត ដោយបម្រើសេវាកម្មដូចជា៖ កែច្នៃរថយន្តឱ្យក្លាយជាបន្ទប់ស្នាក់នៅ ផ្ទះតង់មានអាងទឹក ជិះខ្សែរ៉ត ជិះទូកតាមដងស្ទឹងអារ៉ែង បោះតង់ ជិះម៉ូតូទៅកាន់តំបន់កម្សាន្តផ្សេងៗ លេងបាញ់ធ្នូ និងទទួលទានអាហារបែបអ្នកតំបន់អារ៉ែងជាដើម។
ទាក់ទិននឹងការបង្កើតទេសចរណ៍មួយនេះដែរ ត្រូវបានអ្នកគ្រប់គ្រងទូទៅរបស់ Areng Camping អះអាងថា លោកបានផ្តល់ឱកាសការងារដល់ពលរដ្ឋអ្នកភូមិផ្នែកសេវាកម្មក្នុងតំបន់អារ៉ែងប្រមាណ៥០នាក់ និងចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តកោះកុងផងដែរ។
ក្រុមអ្នកទេសចរដែលមកពីរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ បង្ហាញក្តីចំណាប់អារម្មណ៍របស់ពួកគេម្នាក់ៗថា កាលដែលនាំគ្នាមកលេងកម្សាន្តនៅទីនេះ ក៏ព្រោះបានដឹងពីទេសភាពបៃតងនៃតំបន់អារ៉ែងពិតជាស្រស់ស្រាយអាចបំបាត់ទុក្ខកង្វល់បានមួយចំនួនធំសម្រាប់ការសាកថ្មជីវិត។
ដោយឡែកលោក សុខ ចាន់គ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានមើលឃើញថា វិស័យទេសចរណ៍ នៅខេត្តកោះកុងហាក់ងើបឡើងវិញ បន្ទាប់ពីបញ្ហាជំងឺកូវីដ១៩ បានធូរស្រាលដែលការបង្កើតតំបន់ទេសចរណ៍កាន់តែច្រើន គឺផ្តល់ឱកាសការងារ សេដ្ឋកិច្ចចំណូល និងទាក់ទាញភ្ញៀវទេសចរបានមកស្គាល់ទឹកដីអារ៉ែង។
លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្ថែមថា តំបន់អារ៉ែង លែងឯកោដូចពេលមុនៗហើយ ដោយសារតែរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍផ្លូវថ្នល់ ស្ពាន និងភ្លើងអគ្គិសនី ដើម្បីផ្តល់ប្រយោជន៍ជូនពលរដ្ឋ និងអ្នកទេសចរផងដែរ។លោកជឿជាក់ថា តំបន់ទេសចរណ៍មិនទាន់កែច្នៃដ៏ទៃទៀតនៅក្នុងខេត្ត នឹងត្រូវបានអភិវឌ្ឍន៍បន្ថែម ក្នុងន័យទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តទៅរដូវកាលនីមួយៗ។
គួរបញ្ជាក់ថា Areng Camping ត្រូវបានវិនិយោគពង្រឹកអាជីវកម្មលើផ្ទៃដីសរុបជាង៣ហិកតា ក្រោយការបើកប្រទេសស្តារសេដ្ឋកិច្ចឡើងវិញ ។ បច្ចុប្បន្នអ្នកទេសចរជិត១ម៉ឺននាក់ហើយដែលមកលេងកម្សាន្តសុទ្ធតែកោតសរសើរមិនដាច់ពីមាត់ថា ភាពស្អាតប្លែកមិនចាញ់នឹងបរទេស តាមរយៈពង្រឹងគុណភាព និងសេវាកម្មទេសចរណ៍៕ អត្ថបទ ឈឹម មករា