ភ្នំពេញ៖ ក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក (World Bank) ដោយមានសាលាភូមិន្ទរដ្ឋបាលជាអង្គភាពប្រតិបត្តិ នៅថ្ងៃទី១៦ ខែមករា នេះ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលជំនាន់ទី៣ និងបើកវគ្គបណ្តុះបណ្តាល ជំនាន់៤ និងបាឋកថាចែករំលែកបទពិសោធន៍ នៃកម្មវិធីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ។
ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចែករំលែកបទពិសោធន៍ និងចំណេះ ដឹងជាច្រើនពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ ក្នុងនោះរួមមាន៖ ការកសាង ឬការធ្វើឱ្យមានឥទ្ធិពលសម្រាប់ភាពជាអ្នកដឹកនាំ, ការគោរពដោយស្រលាញ់ ប្រសើរជាងការគោរពដោយខ្លាច, ការដឹកនាំរបៀបជាវីរជន និងការដឹកនាំរបៀបមិនតាំងខ្លួនជាវីរជន និងកំណែទម្រង់រដ្ឋបាលសាធារណៈជាដើម។
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងនាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារ សាធារណៈ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាល ស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ត្រូវបានរៀបចំក្នុងគោលបំណងគាំទ្រការអភិវឌ្ឍចំណេះដឹងជំនាញ និងផ្តល់នូវឱកាសបណ្តុះបណ្តាល ដែលឆ្លើយតបនឹងតម្រូវការអភិវឌ្ឍសមត្ថភាពពិតប្រាកដ របស់មន្ត្រីជាន់ខ្ពស់កម្ពុជា ។
វគ្គនេះ បានបណ្តុះបណ្តាល ចំនួន៣ជំនាន់រួចមកហើយ ដែលសិក្ខាកាមចូលរួមគឺជាថ្នាក់ដឹកនាំ ជាន់ខ្ពស់ កម្រិតប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការ ឬមុខតំណែងប្រហាក់ប្រហែល តាមបណ្តា ក្រសួង ស្ថាប័ន ចំនួន៣១ និងមានមុខតំណែងជាអភិបាលក្រុង ស្រុក នាយករដ្ឋបាល ឬមុខតំណែង ប្រហាក់ប្រហែល រហូតដល់អភិបាលរាជធានីខេត្ត ទាំង២៥ សរុបចំនួន៤៨៣នាក់ ស្រី៧៦នាក់ ដោយទទួលការបណ្តុះបណ្តាលតាមរយៈប្រព័ន្ធអនឡាញ និងការសិក្សាដោយផ្ទាល់នៅសាលាភូមិន្ទរដ្ឋបាល។
បច្ចុប្បន្ននេះសិក្ខាកាមជំនាន់ទី៤ ដែលកំពុងទទួលការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល មានចំនួន ១៨៨នាក់ ស្រីចំនួន៣៦នាក់ មកពីក្រសួង ស្ថាប័ន ចំនួន២៨ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំង២៥រាជ ធានី- ខេត្ត ។
ពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខា ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីដៃគូ អភិវឌ្ឍន៍ រួមមាន៖ តំណាងធនាគារពិភពលោក សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា និងស្ថានទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជាផងដែរ ៕អត្ថបទ៖ ទូច សោភ័ណ






