បាល់ទាត់៖ Real Madrid ជាក្លិបទី១ ដែលជាដើមចមក្នុងការបង្កើតអោយមានពាន European Super League ដោយប្រធានក្លិបលោក Florentino Perez។ ស្របពេលដែលអ្នកគាំទ្រនៅអង់គ្លេសមិនពេញចិត្ត ដែលក្លិបទាំង ៦ នៅ Premier League ជាផ្នែកមួយនៃ Super League តែក្រោយមកក្លិបទាំងនោះក៏បានដកខ្លួនវិញនោះ អ្នកគាំទ្រ Real Madrid នៅតែបង្ហាញគំនិតសុទិដ្ឋិនិយមនៅឡើយចំពោះការបង្កើតពាននេះឡើង។

លោកស្រី Sonia Depuy វ័យ ៦៧ឆ្នាំបានអោយដឹងថា “វាហាក់ដូចជាលឿនពេកដែលអ្វីៗត្រលប់ក្រោយ វាគួរតែទៅមុខយឺតៗ និងមានការចរចាបន្ថែមដើម្បីរកដំណោះស្រាយ ដើម្បីកែប្រែ” លោកស្រីនៅតែជឿថ្ងៃណាមួយគំរោងនេះអាចចេញជារូបរាង។ ស្រដៀងគ្នានេះដែរលោក Saturnino Bartolome វ័យ ៧០ឆ្នាំបានអោយដឹងថា គំរោង Super League បរាជ័យហើយ តែលោកសង្ឃឹមថាវានឹងត្រលប់មកវិញថ្ងៃណាមួយ ប្រសិនបើពួកគេអាចចរចាត្រូវគ្នាជាមួយ UEFA និង FIFA ហើយបានផលប្រយោជន៍ខ្លះដល់ក្លិបតូចៗផ្សេងទៀត។ ចំណែកបុរសវ័យ ៤៨ឆ្នាំ Ruben Sanchez បាននិយាយថា លោក Florentino Perez មិនមែនជាមនុស្សឆ្កួតដូចគេថានោះទេ ប៉ុន្តែគាត់ហាក់ដូចជាប្រញាប់ពេក ព្រោះថា រឿងនេះគួរតែប្រើពេលយូរជាងនេះដើម្បីឈានដល់កិច្ចព្រមព្រៀងណាមួយ។
សូមបញ្ជាក់ថា ប្រធានក្លឹប Real Madrid លោក Florentino Perez គឺជាអ្នកផ្ដួចផ្ដើមបង្កើតពានរង្វាន់នេះឡើង ជាមួយក្លឹបយក្សនៅអឺរ៉ុបផ្សេងទៀតដូចជា Barcelona, Atletico Madrid, AC Milan, Inter, Juventus, Arsenal, Chelsea, Liverpool, Manchester City, Manchester United និង TottenhamHotspur ដែលជាសមាជិក មានន័យថាប្រសិន European Super League ចេញជារូបរាងនោះក្លិបទាំង ១២ នេះនឹងបង្ហាញមុខជាអចិន្ត្រៃយ៍៕
អត្ថបទ៖នាង សុភាវុធ