បាល់ទាត់៖ ក្លិបតោខៀវ Chelsea បានសំរេចក្នុងការនាំយកខ្សែប្រយុទ្ធអ៊ុយក្រែន Mykhailo Mudryk ជាផ្លូវការពីក្លិបអ៊ុយក្រែន Shakhtar Donetsk ក្នុងតម្លៃ ៨៩លានផោន។
ការមកដល់របស់កីឡាករវ័យ ២២ឆ្នាំរូបនេះក៏បានបញ្ចប់ការប៉ុនប៉ងចង់បានរបស់ក្រុមកាំភ្លើងធំ Arsenal ផងដែរ តែនៅពេលនេះបានក្លាយជាកីឡាកររបស់ក្រុមតោខៀវ Chelsea ផ្លូវការក្រោយចុះកិច្ចសន្យារយៈពេល ៨ឆ្នាំកន្លះ និងបានបង្ហាញខ្លួននៅចំពោះមុខអ្នកគាំទ្រផងដែរមុនការប្រកួតដែល Chelsea ឈ្នះ Crystal Palace យប់មិញ ១-០។ Mykhailo Mudryk បានស៊ុតបញ្ចូលទី ៧គ្រាប់ និងប៉ះបញ្ជូន ៧បាល់ក្នុងការបង្ហាញខ្លួន ១២លើកក្នុងលីគរដូវកាលនេះឱ្យ Shakhtar Donetsk បូកបញ្ចូលទាំង ៣គ្រាប់នៅ UEFA Champions League ផងដែរ។
Mudryk បានក្លាយជាកីឡាករទី៥ ដែលមកកាន់ Stamford Bridge ក្នុងខែមករានេះបន្ទាប់ពី Joao Felix ពី Atletico Madrid ក្នុងកិច្ចសន្យាខ្ចី រួមជាមួយនឹង Benoit Badiashile, David Dastro Fofana និង Andrey Santos។ តាំងពីផ្លាស់ប្តូរក្បាលម៉ាស៊ីនមក Chelsea បានចំណាយលុយជាង ៤០០លានផោនហើយក្នុងការនាំចូលកីឡាករថ្មី ក្រោមការវិនិយោគរបស់អ្នកជំនួញអាមេរិក Todd Boehly កាលពីខែឧសភា ឆ្នាំ២០២២៕
អត្ថបទ៖នាង សុភាវុធ