បេឡារុស៖ សមយុទ្ធរួមដែលបានគ្រោងទុករវាងកងកម្លាំងរុស្ស៊ី និងបេឡារុសបានបង្កើនការព្រួយបារម្ភនៅតំបន់ Chernihiv ជាតំបន់ភាគខាងជើងរបស់ប្រទេសអ៊ុយក្រែន ជាប់ព្រំដែនប្រទេសបេឡារុស។

ក្រសួងការពារជាតិប្រទេសបេឡារុស្សបានប្រកាសថា ប្រទេសទាំងពីរនឹងធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នាពីថ្ងៃចន្ទនេះដល់ថ្ងៃទី១ ខែកុម្ភៈ។ តាមសេចក្តីរាយការណ៍ទីក្រុង Minsk បាននិយាយថា សមយុទ្ធនេះគឺជាការការពារតាមលក្ខណៈធម្មតាសុទ្ធសាធ។ រុស្ស៊ីបានរៀបចំផ្នែកមួយនៃការវាយលុកលើអ៊ុយក្រែនរបស់ខ្លួន កាលពីខែកុម្ភៈកន្លងទៅពីប្រទេសបេឡារុស។ ស្ត្រីជនជាតិអ៊ុយក្រែនអាយុ ៤០ឆ្នាំម្នាក់បានបង្ហាញការភ័យខ្លាចដោយនិយាយថា គាត់សង្ឃឹមថា កងកម្លាំងរបស់ប្រទេសនឹងការពារទីក្រុង Chernihiv កុំឱ្យកងកម្លាំងរុស្ស៊ីឆ្លងកាត់ព្រំដែនបេឡារុសជាថ្មីម្តងទៀត។
បុរសអាយុ ៧៤ឆ្នាំម្នាក់និយាយថា គាត់សង្ឃឹមថា ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko មិនសមហេតុផលនោះទេ ដែលលោកនឹងអនុញ្ញាតឱ្យកងកម្លាំងរបស់លោកវាយប្រហារនៅអ៊ុយក្រែន។ ពលរដ្ឋមួយចំនួនត្រូវបានគេមើលឃើញថា កំពុងចាក់បំពេញប្រេងរថយន្តរបស់ពួកគេនៅស្ថានីយប្រេងឥន្ធនៈ ក្នុងករណីដែលពួកគេត្រូវជម្លៀសខ្លួនចេញ។ ពលរដ្ឋនិយាយថា ពួកគេចង់ទៅទីកន្លែងដែលមានសុវត្ថិភាព ប្រសិនបើបេឡារុស និងរុស្ស៊ីបើកការវាយប្រហារ។ ពលរដ្ឋម្នាក់និយាយថា នាងបានជម្លៀសទៅកាន់ទីប្រជុំជនមួយកន្លែងនៅភាគកណ្តាលប្រទេសអ៊ុយក្រែន នៅពេលដែលរុស្ស៊ីបានចាប់ផ្តើមការវាយលុករបស់ខ្លួនកាលពីខែកុម្ភៈឆ្នាំមុន។
ក្រោយពីបានដឹងពីការធ្វើសមយុទ្ធរួមគ្នាដែលបានគ្រោងទុកនៅលើបណ្ដាញសង្គម នាងចាប់ផ្ដើមត្រៀមខ្លួនចាកចេញជាម្ដងទៀត។ នាងបានរៀបចំកាបូបជាមួយនឹងលិខិតឆ្លងដែន សម្លៀកបំពាក់រដូវរងា និងរបស់របរចាំបាច់មួយចំនួនទៀត។ នាងបាននិយាយថា ទោះបីជានាងជឿថា កងកម្លាំងអ៊ុយក្រែននឹងការពារព្រំដែនក៏ដោយ ប៉ុន្តែការទទួលដំណឹងអំពីសមយុទ្ធរួមគ្នាបានធ្វើឱ្យនាងភ័យខ្លាច៕
អត្ថបទ៖ ប៊ុនថន