បាល់ទាត់៖ ក្លិប Leeds United បានសម្រេចក្នុងការនាំយកខ្សែប្រយុទ្ធក្លិបអាល្លឺម៉ង់ Hoffenheim, Georgino Rutter ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាក្លិប។ កីឡាករវ័យ ២០ឆ្នាំសញ្ជាតិបារាំងរូបនេះបានផ្លាស់មកកាន់ទឹកដី Elland Road ដោយចុះហត្ថលេខារយៈពេល ៥ឆ្នាំកន្លះក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាដល់ទៅ ៣៦លានផោន។
Rutter បានស៊ុតបញ្ចូលទី ១១គ្រាប់ក្នុងការបង្ហាញខ្លួន ៦៤ប្រកួតនៅក្របខណ្ឌ Bundesliga បន្ទាប់ពីផ្លាស់ពីក្លិបបារាំង Rennes កាលពីឆ្នាំ២០២១។ Rutter បានក្លាយជាកីឡាករទីពីរដែលផ្លាស់មកកាន់ Leeds ក្នុងខែមករានេះ បន្ទាប់ពីខ្សែការពារ Max Wober ដែលផ្លាស់មកពីក្លិបអូទ្រីស RB Salzburg ក្នុងតម្លៃប្រមាណ ១០លានផោន។ កីឡាករក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំរូបនេះនឹងមិនអាចបង្ហាញខ្លួនភ្លាមៗឱ្យ Leeds បានឡើយនៅពេលជួបជាមួយ Cardiff City ថ្ងៃពុធនេះពាន FA Cup តែនឹងអាចបង្ហាញខ្លួនដំបូងនៅ Premier League នៅពេល Leeds ទទួល Brentford ថ្ងៃទី២២ ខែមករានេះ៕
អត្ថបទ៖នាង សុភាវុធ