ចិន៖ ក្រុមអ្នកដំណើរដែលស្ពាយ និងអូសវ៉ាលីគ្រប់ដៃបានសម្រុកទៅកាន់ស្ថានីយរថភ្លើង និងអាកាសយានដ្ឋាននានានៅក្នុងទីក្រុងធំៗរបស់ប្រទេសចិននៅថ្ងៃចន្ទនេះ សំដៅទៅកាន់លំនៅឋានសម្រាប់រដូវបុណ្យឈប់សម្រាកនៅសប្ដាហ៍នេះ ដែលក្រុមអ្នកជំនាញសុខភាពបារម្ភថា អាចរុញឲ្យការឆ្លងរាលដាលវីរុស COVID-19 ហក់ឡើងខ្ពស់ ដែលបានអះអាងថាមានមនុស្សរាប់ពាន់នាក់ស្លាប់។

មុនថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលគេស្គាល់ថាជាបុណ្យនិទាឃៈរដូវដែលនឹងចូលមកដល់ជាផ្លូវការនៅថ្ងៃទី២១ ខែមករាសប្ដាហ៍នេះ សារព័ត៌មានរដ្ឋបានផ្សព្វផ្សាយព្រោងព្រាតពីស្ថានភាពនៅមន្ទីរពេទ្យ និងគ្លីនិកនៅតាមតំបន់ជនបទ និងការបង្កើន ការផ្គត់ផ្គង់ឱសថ និងគ្រឿងបរិក្ខារផ្សេងៗ។ វេជ្ជបណ្ឌិតម្នាក់នៅក្នុងខេត្តសានស៊ី បាននិយាយនៅក្នុងអត្ថបទចេញផ្សាយដោយសារព័ត៌មានក្នុងស្រុក Red Star News ថា ការឆ្លងវីរុស COVID-19 ខ្ពស់បំផុតនៅក្នុងភូមិស្រុករបស់យើងបានកើនឡើងខ្ពស់ ប៉ុន្តែពិធីបុណ្យនិទាឃៈរដូវជិតចូលមកដល់ ហើយក្រុមអ្នកភូមិពិសេសមនុស្សចាស់នឹងប្រឈមខ្ពស់នៃការឆ្លងវីរុសនេះ។

រថភ្លើងល្បឿនលឿនតភ្ជាប់ពីតំបន់រដ្ឋបាលពិសេសទីក្រុង Hong Kong និងចិនដីគោកបានចាប់ផ្ដើមធ្វើប្រតិបត្តិការឡើងវិញកាលពីថ្ងៃអាទិត្យ ក្រោយការផ្អាកសេវាកម្ម ៣ឆ្នាំ។ យោងតាមសារព័ត៌មាន Reuters ស្ថានីយរថភ្លើងដ៏សំខាន់មួយរបស់ទីក្រុងប៉េកាំង បានពេញណែនដោយអ្នកដំណើរដែលកំពុងចាកចេញពីរដ្ឋធានីនេះ ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះត្រឡប់ទៅកាន់ស្រុកកំណើតរបស់ខ្លួន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ៕
អត្ថបទ៖ សុខមាន