ស្នូកឃ័រ៖ កីឡាករស្នូកឃ័រអង់គ្លេស Judd Trump បានគ្រងជើងឯកនៃការប្រកួតពានរង្វាន់ Masters ជាលើកទី២ ក្នុងអាជីពក្រោយយកឈ្នះកីឡាករវែល Mark Williams តានតឹងដោយលទ្ធផល ១០-៨ហ្វ្រេមនៅវគ្គផ្តាច់ព្រ័ត្រ។

នេះជាជើងឯកលើកទី២ របស់ Judd Trump ដែលធ្លាប់ឈ្នះលើកដំបូងនៅឆ្នាំ២០១៩ និងបានក្លាយជាកីឡាករទី១១ ដែលឈ្នះជើងឯក Masters នេះលើសពីម្តង។ Judd Trump បាននាំមុខការប្រកួត ៥-៣ហ្វ្រេមនៅដំណាក់កាលដំបូងពេលព្រឹក តែភាពតានតឹងគឺនៅពេលល្ងាចដំណាក់កាលទី២ បន្ទាប់ពី Mark Williams វាយបកមកនាំមុខពីរលើក ៧-៦ និង ៨-៧ហ្វ្រេម មុនពេលដែលចុងក្រោយ Judd Trump ឈ្នះ ៣ហ្វ្រេមផ្ទួនៗ និងបញ្ចប់ដោយលទ្ធផល ១០-៨ហ្វ្រេម។
ជើងឯក Masters នេះ Judd Trump ទទួលបានប្រាក់រង្វាន់ ២៥០,០០០ផោន ខណៈជើងឯករង Mark Williams ទទួលបាន ១០០,០០០ផោន។ មុនការប្រកួតនេះកីឡាករវែល Mark Williams បានប៉ុនប៉ងចង់ឈ្នះជើងឯក និងក្លាយជាកីឡាករវ័យចំណាស់បំផុតដែលឈ្នះជើងឯក Masters ក្នុងវ័យ ៤៧ឆ្នាំ ៣០០ថ្ងៃ។ កីឡាករវែលរូបនេះខកខានឈ្នះជើងឯក Masters នេះរយៈពេល ២០ឆ្នាំមកហើយ៕
អត្ថបទ៖នាង សុភាវុធ