កណ្ដាល៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្តាល បានឲ្យដឹងថា មកដល់ថ្ងៃទី១៦ ខែមករានេះ ទឹកស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល បានហក់ឡើងលឿន បង្កឲ្យប៉ះពាល់៧០ភូមិ នៅក្នុងស្រុកក្រុងចំនួន៤ ដូចជា ក្រុងតាខ្មៅ ស្រុកអង្គស្នួល កណ្តាលស្ទឹង និងស្រុកពញាឮ ។
លោកស្រី ឡាយ ដាលីន ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្តាល បានឱ្យ ដឹងថា ស្ថានភាពទឹកជំនន់ព្រែកត្នោត ក្នុងរយៈពេលជិត១សប្តាហ៍នេះ បានបង្កឱ្យមានការបាក់ស្ពានឈើ មួយកន្លែង លិចដំណាំជាង៤ហិកតា នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ លិចវត្ត២កន្លែង និងសាលារៀន ១កន្លែង លិចផ្លូវ៨ខ្សែ នៅស្រុកអង្គស្នួល បង្កការប៉ះពាល់ដំណាំ ជិត១០០០ហិកតា នៅស្រុកពញាឮ និងបង្កការលិចដីដំណាំ២៦១ហិកតា នៅស្រុកកណ្តាលស្ទឹង តែពុំទាន់បង្កការខូចខាតដល់ផលដំណាំ នោះទេ ។
ប្រជាពលរដ្ឋ នៅក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បានឱ្យដឹងថា នៅពេលនេះ ប្រសិនបើទឹកជំនន់ ស្ទឹងព្រែកត្នោត បន្តអូសបន្លាយរយៈពេលយូរថ្ងៃតទៅទៀត និងធ្វើឲ្យផលដំណាំរងការខូចខាតធ្ងន់ធ្ងរជា មិនខាន ។
យ៉ាងណាក៏ដោយ នៅក្នុងអំឡុងពេលនេះ រដ្ឋបាលខេត្តកណ្តាល រួមទាំងកាកបាទក្រហមកម្ពុជា បាននឹងកំពុងបែងចែកកម្លាំងចុះតាមដានស្ថានភាពទឹក និងជួយពលរដ្ឋនៅតាមភូមិ ដោយបានធ្វើសកម្ម ភាពជួយជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព និងផ្ដល់អំណោយសង្ក្រោះបណ្តើរៗរួចហើយ ៕អត្ថបទ៖ ស៊ុម សុខជា