ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខណ្ឌច្បារអំពៅ ១.២៥០គ្រួសារ មកពី៦សង្កាត់ នៅព្រឹកថ្ងៃទី២៥ តុលានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា គ្រោះធម្មជាតិនានា គឺមិនអាចមានអ្នកណា ហាមឃាត់បានទេ តែយើងមានសមត្ថភាព អាចជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះពីគ្រោះមហន្តរាយបានទាន់ពេលវេលា។
នៅក្នុងឱកាសចែកអំណោយមនុស្សធម៌នេះ សម្តេច ក៏បានពាំនាំនូវព្រះរាជបណ្ដាំផ្ញើសួរសុខទុក្ខពីព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស ក៏ដូចជា ព្រះករុណាព្រះមហាក្សត្រជូនចំពោះជនរួមជាតិដែលជានិច្ចកាលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់គិតគូរអំពីសុខទុក្ខ របស់ប្រជារាស្ត្រ នៅគ្រប់ទីកន្លែង ជាពិសេសក្នុងស្ថានភាពដែលជួបគ្រោះមហន្តរាយនានា។
សម្ដេច បានសំដែងនូវសេចក្តីអាណិត និងរីករាយដែលបានមកជួបសំណេះសំណាល និងចែកអំណោយ និងសួរសុខទុក្ខចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ ហើយសម្តេច បញ្ជាក់ថា នេះបានបង្ហាញឱ្យឃើញអំពីការរួមសុខរួមទុក្ខរបស់កាកបាទក្រហម ក៏ដូចជា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងតែនៅជាមួយប្រជាជនគ្រប់ការលំបាក ។អំណោយទាំងនេះ គ្រាន់តែជួយសម្រាលនូវការលំបាកបានមួយគ្រា ប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់បងប្អូនត្រូវខិតខំបង្កបង្កើនផលស្តារការខូចខាត ប្រកបរបរចិញ្ចឹមជីវិតជាថ្មីឡើងវិញ បន្ទាប់ពីទឹកស្រក។ សម្តេច បានបន្តថា នៅទូទាំងពិភពលោក គឺគ្មានប្រទេសណាអាចទប់ស្កាត់ ហាមឃាត់មេឃ មិនឱ្យមានព្យុះ ភ្លៀង ខ្យល់គ្រោះទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗបានទេ ហើយប្រទេសជិតខាងយើងក៏កើតមាន និងធ្ងន់ធ្ងរជាងយើងទៅទៀត។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តថា កាកបាទក្រហមកម្ពុជា មានលទ្ធភាពអាចធ្វើសកម្មភាពទៅបានទាំងពេលបច្ចុប្បន្ន និងកន្លងមក ក៏អាស្រ័យដោយការចូលរួមគាំទ្រពីសប្បុរសជននានា ជាសំភារៈ ថវិកា ដើម្បីយកទៅទិញសំភារៈមកចែកជូនដោយផ្ទាល់ដៃ ឱ្យបានទាន់ពេលវេលា ដោយមិនប្រកាន់ពណ៌ សម្បុរ បក្សពួក ឬនិន្នាការនយោបាយអ្វីឡើយ ហើយអំណោយចែកជូននៅថ្ងៃនេះ សម្តេចក៏បានសុំការអធ្យាស្រ័យដល់បងប្អូននៅសង្កាត់ពីរទៀត ដែលមិនជន់លិច សូមកុំមានការច្រណែននឹងបងប្អូនទាំង១.២៥០គ្រួសារនេះ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តថា គ្រោះជំនន់ទឹកភ្លៀងនេះ រាជរដ្ឋាភិបាល កាកបាទក្រហម អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ រួមទាំងយុវជនកាកបាទក្រហម កាយរឹទ្ធិ ព្រះសង្ឃ និងសប្បុរសជន បានសស្រាក់សស្រាំ ធ្វើសកម្មភាពព្រមៗគ្នា ទាំងថ្ងៃទាំងយប់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព និងបង្កលក្ខណៈចែកជូននូវអំណោយសង្គ្រោះបន្ទាន់នៅគ្រប់ទីកន្លែង ក្នុងចំណោមខេត្ត ក្រុង ដែលជន់លិចចំនួន១៩ ។ ខេត្តក្រុងដែលធ្ងន់ធ្ងរជាងគេ គឺបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន ដែលខេត្តក្រុងទាំងបួននេះ កាកបាទបានបញ្ជូនថវិកា ១០០លានរៀល ដើម្បីធ្វើសកម្មភាពជាបន្ទាន់ ហើយក្រៅពីនោះ ក៏មានសកម្មភាពចុះជួយជាច្រើនតាមរយៈមន្ត្រីរាជរដ្ឋាភិបាល សាខាកាកបាទក្រហម យុវជនស្ម័គ្រចិត្ត ព្រះសង្ឃ និងសប្បុរសជននានាផងដែរ។
ក្នុងស្ថានភាព នៃគ្រោះទឹកជំនន់ដែលមិនទាន់មានការស្រកអស់នៅឡើយនេះ សម្តេច ក៏បានផ្ដាំផ្ញើដល់ពុក ម៉ែ បងប្អូនប្រជាពលរដ្ឋរងគ្រោះនៅគ្រប់ទីកន្លែង សូមមេត្តាប្រុងប្រយ័ត្ន កូនចៅ កុំឱ្យមានការលង់ទឹក ការពារប្រសើរជាងព្យាបាលដោយ ត្រូវពិនិត្យមើលលើផ្ទះសម្បែងខ្លាចក្រែងមានសត្វអាសិរពិស ត្រូវរក្សាអនាម័យដោយត្រូវពិសារទឹកដាំឆ្អិន ចៀសវាងកើតជំងឺដង្កាត់ផ្សេងៗ បន្ថែមទៀត ។ បន្ថែមលើនេះ ទោះបីកម្ពុជា មិនមានអ្នកស្លាប់ដោយសារកូវីដ១៩ ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួនអំពីវិធានការពារការឆ្លងកូវីដ១៩ឡើយ ព្រោះថា នៅលើពិភពលោកសព្វថ្ងៃ បណ្តាប្រទេសជាច្រើន នៅមានអ្នកឆ្លង និងស្លាប់បាត់បង់ជីវិតជាច្រើនរៀងរាល់ថ្ងៃ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អមដោយសប្បុរសជន លោកជំទាវ ឯកឧត្តម ជាសមាជិក សមាជិក មន្ត្រីសាខា យុវជនស្ម័គ្រចិត្តកាកបាទក្រហម បានចែកជូនអំណោយដល់គ្រួសាររងគ្រោះនៃខណ្ឌច្បារអំពៅ មកពី៦សង្កាត់ រួមមានសង្កាត់និរោធ,វាលស្បូវ ក្បាលកោះ,ព្រែកឯង,ព្រែកថ្មី,និងសង្កាត់ព្រែកប្រា សរុប១.២៥០គ្រួសារ ដែលក្នុង១គ្រួសារៗ ទទួលបានអង្ករ៣០គ.ក, មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ឃីត ដែលមានសារុង មុង ភួយ អាវយឺត អាហារសំរន់នំប៉័ង ទឹកសុទ្ធផងដែរ។អំណោយដែលបានចែកជូននៅថ្ងៃនេះ សរុបជាថវិកាអស់ជាង៥ម៉ឺន៣ពាន់ដុល្លារសហរដ្ឋអាមេរិក៕
អត្ថបទ ៖ មុត សុទ្ធ







