
ម៉ាល់ឌីវ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងថា អំឡុងពេលទស្សនកិច្ចផ្លូវការរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលប្រកបដោយលទ្ធផលផ្លែផ្កាយ៉ាងច្រើនជាប្រវត្តិសាស្ត្រ ក្នុងនោះអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និងម៉ាល់ឌីវ ក៏ត្រូវបានចុះហត្ថលេខាផងដែរនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នាទីក្រុងម៉ាល់ ប្រទេសម៉ាល់ឌីវ ចំពោះមុខសម្តេចតេជោនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា និង ឯកឧត្ដមប្រធានាធិបតីនៃប្រទេសម៉ាលឌីវ។
ឯកឧត្ដម បានឱ្យដឹងថា អនុស្សរណៈនេះផ្ដោតលើកិច្ចសហប្រតិបត្តិការនេះរួមមាន ក. ជំរុញកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ទីក្រុង និងជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍សហគមន៍ ទេសចរណ៍សាសនា ជាដើម។ ខ. ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចផ្លូវការរបស់មន្ត្រីជំនាញ និងផ្នែកឯកជន។ គ. ផលិតឯកសារផ្សព្វផ្សាយទាក់ទាញទេសចរណ៍រួមគ្នា។ ឃ. គាំទ្រ និងចូលរួមសិក្ខាសាលា កិច្ចប្រជុំសន្និបាត និង កិច្ចការពាណិជ្ជកម្ម/ពិព័រណទេសចរណ៍។ ង. ការលើកទឹកចិត្តឲ្យមានសកម្មភាពសេដ្ឋកិច្ច វិនិយោគ ការតភ្ជាប់ការហោះហើរ។ ជ. និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។
ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់ថា លទ្ធផលនៃទស្សនកិច្ចផ្លូវការក្នុងវិស័យផ្សេងៗទៀត នឹងចូលរួមជំរុញការអនុវត្តអនុស្សរណៈខាងលើឲ្យកាន់តែល្អប្រសើរ ជាពិសេស ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ដែលកាន់លិខិតឆ្លងដែនការទូតផ្លូវការ និងធម្មតា ចំនួន ៣០ថ្ងៃ នឹងចូលរួមសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋនៃប្រទេសទាំងពីរកាន់តែប្រសើរនៅថ្ងៃអនាគត។
ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់ថា គំនិតផ្ដួចផ្ដើមប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីឱ្យមានការសិក្សាលទ្ធភាពបង្កើតក្របខណ្ឌ «ទិដ្ឋាការទោល គោលដៅពីរ» រវាងកម្ពុជា និង ម៉ាល់ឌីវ ពិតជាការឡានុវត្តភាពធំធេងសម្រាប់ជំរុញទេសចរពីប្រទេសទី៣ ដែលមកសម្រាកកម្សាន្តនៅសមុទ្រម៉ាល់ឌីវ អាចមកទស្សនាប្រាសាទអង្គវត្ត និងតំបន់ទេសចរណ៍បិតិកភណ្ឌ ឬគោលដៅទេសចរណ៍ដទៃទៀតនៅកម្ពុជា។
ពាក់ព័ន្ធនឹងការហោះហើរត្រង់ ឯកឧត្ដម ថោង ខុន បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ មុនចុះអនុស្សរណៈ ១ ថ្ងៃ ក្រុមការងារជំនាញនៃក្រសួងទេសចរណ៍កម្ពុជា បានជួបជំនាញខាងក្រសួងទេសចរណ៍ម៉ាល់ឌីវ និងបានពិភាក្សាដាក់ចុះផែនការអនុវត្តអនុស្សរណៈ មានដូចជា៖ (១) ការជំរុញឲ្យមានជើងហោះហើរត្រង់ កម្ពុជា−ម៉ាល់ឌីវ ដោយអាចចាប់ផ្ដើមដោយការហោះហើរត្រង់ ឬ ត្រីកោណ ឬ ជាការហោះហើរមិនប្រចាំថ្ងៃ (Charter Flight), (២) ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍, (៣) ការរៀបចំឲ្យមានទស្សនកិច្ចស្វែងយល់ពីគ្នាដោយបណ្ដាញសារព័ត៌មាន និងក្រុមហ៊ុនទេសចរណ៍ (Familiarization Trip), (៤) ការរៀបចំឲ្យមានកញ្ចប់ទស្សនកិច្ចរួម ជាដើម។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រុមការងារបានឯកភាពគ្នារួចហើយ ដើម្បីរៀបចំក្រុមការងារទេសចរណ៍នៃប្រទេសទាំងពីរ និងរៀបចំផែនការសកម្មភាពអនុវត្តស្មារតីអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ក៏ដូចជាការ អនវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងស្មារតីលទ្ធផលនៃទស្សនកិច្ចផ្លូវការនាពេលនេះផងដែរ។
គួរបញ្ជាក់ថា មុនវិបត្តិកូវីដ−១៩ នៅឆ្នាំ២០១៩ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន ៦.៦ លាននាក់ កើនឡើង ៦.៦% ធៀបនឹងឆ្នាំ២០១៨ ហើយឆ្នាំ២០២២ កន្លងទៅនេះ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន ២.២លាននាក់ កើន ១០២០% ធៀបនឹងឆ្នាំ២០២១។ រីឯ ប្រទេសម៉ាល់ឌីវ ឆ្នាំ២០១៩ ទទួលបានទេសចរអន្តរជាតិចំនួន ១.៧ លាននាក់ ហើយនៅឆ្នាំ២០២២ ទទួលបានទេសចរអន្តរជាតិ ១.៦លាននាក់៕



