អាមេរិក៖ ក្រុមមន្ត្រីនគរបាលបាននិយាយថា មនុស្ស ៦នាក់រួមទាំងម្ដាយវ័យ ១៧ឆ្នាំ និងកូនតូចអាយុ ៦ខែបានស្លាប់ក្នុងការបាញ់ប្រហារកាលពីព្រឹកថ្ងៃចន្ទ ទី១៦មករា នៅលំនៅឋានមួយក្នុងភាគកណ្ដាលរដ្ឋ California សហរដ្ឋអាមេរិក ហើយក្រុមអាជ្ញាធរកំពុងតាមចាប់ខ្លួនជនសង្ស័យយ៉ាងហោចណាស់ ២នាក់។
ការិយាល័យស្នងការតំបន់ទូល៊ែ (Tulare) បាននិយាយថា នគរបាលបានឆ្លើយតបទៅនឹងរបាយការណ៍នៃការបាញ់បោះដោយសេរីជាច្រើនគ្រាប់ ទៅលើលំនៅឋានមួយក្នុងតំបន់ហ្គោសិន (Goshen) ភាគខាងកើតទីក្រុងវីសាលីយ៉ា (Visalia)។ លោក Mike Boudreaux បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកលោកជឿថា នេះមិនមែនជាការប្រព្រឹត្តិអំពើហិង្សាធម្មតាទេ។ ពួកលោកជឿថា ហេតុការណ៍នេះគឺជាការដាក់គោលដៅលើក្រុមគ្រួសារមួយនេះដែរម្ដង។ លោកជឿថា ពិតមានជាប់ពាក់ព័ន្ធនឹងក្រុមជនទំនើងក្នុងករណីនេះ ពួកលោកកំពុងបើកការស៊ើបអង្កេតទាក់ទងនឹងគ្រឿងញៀនផងដែរ។
លោកថា មានជនរងគ្រោះម្នាក់ត្រូវបានរកឃើញនៅរស់រានមានជីវិត និងរងរបួស នៅពេលក្រុមអាជ្ញាធរទៅដល់កន្លែងកើតហេតុ តែក្រោយមកត្រូវបានប្រកាសថាបានស្លាប់នៅមន្ទីរពេទ្យ។ នគរបាលបានរកឃើញជនរងគ្រោះស្លាប់ ២នាក់នៅលើផ្លូវ និងជនរងគ្រោះទី៣ នៅមាត់ទ្វារ។ លោកបានបន្ថែមថា ជនរងគ្រោះ ៣នាក់ទៀតត្រូវបានរកឃើញនៅក្នុងផ្ទះ រួមទាំងបុរសម្នាក់ដែលនៅមានជីវិត តែក្រោយមកបានស្លាប់នៅមន្ទីរពេទ្យនោះ៕
អត្ថបទ៖ សុខមាន