តាខ្មៅ៖ នៅថ្ងៃទី១៧ ខែមករាឆ្នាំ ២០២៣ នេះ បណ្តាលំនៅដ្ឋានពលរដ្ឋដែលសង់ជាប់មាត់ព្រែកថី នៅភូមិព្រែកថី និងភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានស្ម័គ្រចិត្ត រុះរើផ្ទះទាំងអស់គ្នាចេញពីមាត់ព្រែក ក្រោយមានជំនន់ទឹកភ្លៀងទឹកស្ទឹងព្រែកត្នោត បានហូរកាត់ព្រែកថីធ្វើឲ្យផ្ទះសំបែងពលរដ្ឋជាច្រើនខ្នងបានរលំបាក់ស្រុតធ្លាក់ចូលក្នុងព្រែក។
តាមរបាយការណ៍រដ្ឋបាលសង្កាត់រកាខ្ពស់បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី១៧ ខែមករានេះ មានគ្រប់លំនៅដ្ឋានពលរដ្ឋដែលបានសង់ជាប់មាត់ព្រែកថី បាន និងកំពុងស្ម័គ្រចិត្តធ្វើការរុះរើផ្ទះចេញពីមាត់ព្រែកជាបន្តបន្ទាប់ ខណៈរហូតមកដល់ពេលនេះ មានផ្ទះពលរដ្ឋចំនួន ៦ខ្នងផ្ទះ បានរំលំបាក់ស្រុតចូលទៅក្នុងព្រែក។
ពលរដ្ឋថ្លែងថា ការស្ម័គ្រចិត្តរុះរើផ្ទះសំបែងចេញពីមាត់ព្រែកថីនេះ ដោយសារ នៅខាងក្រោមផ្ទះផ្នែកខាងក្រោយ គឺទឹកបានហូរបាក់ដីជាបន្តបន្ទាប់ ធ្វើផ្ទះប្រឈមនឹងការបាក់ស្រុត។
សូមបញ្ជាក់ថា តាមរបាយការណ៍បឋមរបស់រដ្ឋបាលសង្កាត់រការខ្ពស់ នៅតាមមាត់ព្រែកថីនេះ មានលំនៅដ្ឋានពលរដ្ឋសង់ជាប់មាត់ព្រែកមានប្រមាណជាង ៧០ខ្នងផ្ទះ មានផ្ទះបាក់ស្រុត ៦ខ្នងផ្ទះមានមនុស្សរស់នៅ ៧គ្រួសារ ផ្ទះប៉ះពាល់ ៦១ខ្នងផ្ទះ មានមនុស្សរស់នៅ ៦៥គ្រួសារ និងមានផ្ទះជិត ៣០ខ្នងផ្ទះ បាន និងកំពុងពន្លឿនការរុះរើ។
យ៉ាងណាក៏ដោយ នៅក្នុងអំឡុងពេល រដ្ឋបាលខេត្តកណ្តាល ចុះធ្វើការអន្តរាគមន៍ជួយសង្គ្រោះបន្ទាន់ចែកអំណោយ និងមានកងកម្លាំងនគរបាល អាវុធហត្ថ ប្រជាការពារភូមិ និងបណ្តាពលរដ្ឋ និងយុវជនស្ម័គ្រចិត្ត បាន និងកំពុងរួមសហការជួយរុះរើផ្ទះរបស់ពលរដ្ឋ៕ អត្ថបទ៖ ស៊ុម សុខជា










