ភ្នំពេញ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាននិងកំពុងដើរកម្សាន្តនៅកម្ពុជា កើនឡើងជាបន្តបន្ទាប់នោះ ឧត្តមសេនីយ៍ឯក កឹន ឃន អគ្គស្នងការរងនគរបាលជាតិ ជំរុញកម្លាំងនគរបាលប្រចាំនៅតាមព្រំដែនទឹក ត្រូវពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនភ្ញៀវទេសចរ ដើម្បីឲ្យពួកគេដើរលេងមានភាពកក់ក្ដៅ ។
ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក កឹន ឃន មានប្រសាសន៍ថា កម្លាំងកាពារនគរបាលការពារព្រំដែនទឹក ត្រូវគោរពវិន័យ ត្រូវអនុវត្តតាមការចាត់ទុកនានា របស់ថ្នាក់ដឹកនាំអង្គភាព ដើម្បីទប់ស្កាត់នូវបទល្មើសផ្សេងៗ ដែលជាការផ្ដល់ទំនុកចិត្តពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ។
លោកឧត្តមសេនីយ៍ឯក បានបន្តថា ក្រៅពីការងារទប់ស្កាត់បង្ក្រាបបទល្មើស ដែនទឹក កម្លាំងនគរបាលទាំងអស់ ត្រូវចូលរួមការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីធ្វើឲ្យភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការពារភ្ញៀវជាតិ និងអន្តរជាតិ ដើរកម្សាន្តតាមតំបន់សមុទ្រ តំបន់ឆ្នេរ កោះជាដើម។
ជាមួយនេះ ឧត្តមសេនីយ៍ឯក កឹន ឃន បានជំរុញបន្ថែម ដល់កម្លាំងការពារដែនទឹក ត្រូវបន្តសហការជាមួយឆ្មាំដែនទឹករបស់ប្រទេសជិតខាង លើការងារទប់ស្កាត់បទល្មើសផ្សេងៗ ក៏ដូចជាការផ្លាស់ប្តូរនូវបទពិសោធន៍ដល់គ្នាទៅវិញទៅមក ។
បើតាមឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយករដ្ឋានការពារព្រំដែនទឹក បានលើកឡើងថា ក្នុងឆ្នាំកន្លងមក ការងារការពារដែនទឹក ទទួលបានលទ្ធផលល្អប្រសើរ រួមទាំងបានសហការយ៉ាងល្អជាមួយ សមត្ថកិច្ចនៃប្រទេសជិតខាង លើការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ។
គួរបញ្ជាក់ថា ចាប់តាំងពីកម្ពុជា បើកដំណើរការទេសគ្រប់សភាពទាំងអស់ភ្ញៀវទេសចរ អន្តរជាតិ បានចាប់ផ្ដើមើលលេងកម្សាន្តនៅប្រទេសកម្ពុជាជាហូរហែររាល់ថ្ងៃ ក្នុងនោះក៏មាននាវាដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាច្រើនរយនាក់ ចូលចត់នៅកំពង់ផែ និងដើរលេងកម្សាន្តនៅខេត្តព្រះសីហនុ ជាបន្តបន្ទាប់ផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ





