កណ្ដាល៖ អាជ្ញាធរ និងក្រុមការងារចុះជួយមូលដ្ឋានឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល បានរៀបចំពិធីលើកទឹកចិត្តដល់បេក្ខជន ដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២១-២០២២ ហើយបានជំរុញដល់ពួកគេ ត្រូវធ្វើយ៉ាង ណាធ្វើខ្លួនឲ្យក្លាយជាទំពាំងស្នងឫស្សីដ៏ល្អ សម្រាប់ប្រទេសជាតិ ។
នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៤ នៃទិវាជ័យជំនះ៧មករា និងសំណេះសំណាលបេក្ខជនប្រឡងបាក់ឌុប លោក ស្រេង សំណាង អនុប្រធានទី១ ក្រុមការងារចុះជួយឃុំកំពង់ស្វាយ តំណាងឯកឧត្តម នួន ច័ន្ធរិទ្ធ ប្រធានក្រុមការងារ បានលើកនូវគុណតម្លៃថ្ងៃ៧មករា បានរំដោះប្រជាជនចេញពីរបបអាវខ្មៅ ប៉ុល ពត ហើយថ្នាក់ដឹកនាំរបស់យើង បានមានឱកាសអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។
លោកបានបន្តថា កម្ពុជាក្រោមដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានយកចិត្តខ្លាំងណាស់ ក្នុងវិស័យអប់រំ មានទាំងការសាងសង់សាលារៀនជាបន្តបន្ទាប់ ក៏ដូចជាបានបង្កើននូវប្រាក់បៀវត្សន៍ជូនលោកគ្រូអ្នកគ្រូ ការផ្ដល់អាហារូបករណ៍ ដល់សិស្សពូកែ សិស្សក្រីក្រ បានសិក្សាទាំងក្នុងស្រុក និងក្រៅស្រុក។
ជាមួយនេះ លោក ស្រេង សំណាង បានជំរុញបន្ថែមដល់សិស្សានុសិស្សទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រ ដើម្បីឆ្លើយតបនឹងការយកចិត្តទុករបស់រាជរដ្ឋាភិបាល លើការបណ្ដុះនូវធនធានមនុស្សនេះ ក្នុងការយកចំណេះដឹងជួយខ្លួនឯង និងចូលរួមអភិវឌ្ឍប្រទេសជាតិ ។
បើតាមលោក កុយ ណារ៉ុង មេឃុំកំពង់ស្វាយ បានឲ្យដឹងថា កម្មវិធីក៏មានការចូលរួមពីលោក ជា ប៊ុនធៀន ប្រធានក្រុមប្រឹក្សាស្រុកកែនស្វាយ សមាជិកសមាជិកាក្រុមប្រឹក្សាឃុំ និងបេក្ខជនប្រឡងជាប់ និងប្រឡងធ្លាក់សរុបជាង ៥០នាក់ ៕ អត្ថបទ បាន សុខរិទ្ធិ








