បាល់ទាត់៖ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់លោក Jurgen Klopp គ្មានគម្រោងចាកចេញពីក្រុមហង្សក្រហម Liverpool ឡើយ។ ការលើកឡើងបែបនេះស្របពេលដែល Liverpool កំពុងធ្លាក់ចុះទម្រង់ខ្លាំងរដូវកាលនេះដែលធ្លាក់ខ្លួនឈរលេខ៩ ក្នុងតារាងនៅ English Premier League និងនៅឆ្ងាយពីតំបន់ Top4 ដល់ទៅ ១០ពិន្ទុឯណោះ។
និយាយក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតទល់នឹងម្ចាស់ផ្ទះ Wolves រាត្រីនេះពានរង្វាន់ FA Cup លោក Jurgen Klopp ថា លោកគ្មានគម្រោងចាកចេញពី Anfield ឡើយលុះត្រាត្រូវបានបណ្តេញចេញ។ ទន្ទឹមនឹងនោះដែរអតីតអ្នកចាត់ការ Dortmund រូបនេះបញ្ជាក់ជាថ្មីថា Liverpool នឹងមិននាំយកកីឡាករថ្មីក្នុងខែមករានេះទៀតឡើយ បន្ទាប់ពីការមកដល់របស់ Cody Gakpo ហើយបើទោះបីកីឡាករមួយចំនួនធំនឹងផុតកិច្ចសន្យានៅដំណាច់រដូវកាលនេះក៏ដោយរួមមាន James Milner, Naby Keita, Alex Oxlade-Chamberlain និង Roberto Firmino។ Liverpool នឹងត្រូវជួបម្ចាស់ផ្ទះ Wolves រាត្រីនេះជើងទី២ FA Cup ជុំទី៣ បន្ទាប់ពីស្មើនៅទឹកដី Anfield ២-២ មុនទទួលតោខៀវ Chelsea ថ្ងៃសៅរ៍នេះនៅ Premier League៕
អត្ថបទ៖នាង សុភាវុធ