បាល់ទាត់៖ ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo នឹងចូលលេងការប្រកួតដំបូងនៅលើទឹកដីអារ៉ាប៊ីសាអ៊ូឌីតតាំងពីផ្លាស់មកកាន់ក្លិប Al Nassr បន្ទាប់ពីត្រូវបានតែងតាំងជាប្រធានក្រុមតារាចម្រុះ Riyadh ST XI សម្រាប់ការប្រកួតមិត្តភាពមួយទល់នឹង Paris Saint Germain ដែលនឹងមានវត្តមាន Lionel Messi ផងដែរ។
កីឡាករវ័យ ៣៧ឆ្នាំរូបនេះនឹងដឹកនាំក្រុមដែលប្រមូលផ្តុំ ដោយកីឡាករមកពីក្លិបបាល់ទាត់ក្នុងទីក្រុង Riyadh ទាំងពីររួមមាន Al Hilal និង Al Nassr ទល់នឹង Messi ដែលនឹងជំនួបចុងក្រោយមួយទៀតរបស់ស្តេចបាល់ទាត់ទាំងពីរ។ ក្នុងបញ្ជីឈ្មោះកីឡាករត្រៀមប្រកួតមិត្តភាពនោះ ក៏មានវត្តមានកីឡាករជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត Salem Al-Dawsari ផងដែរ ដែលរូបគេជាអ្នកស៊ុតបញ្ចូលទី ១គ្រាប់យកឈ្នះជើងឯកពិភពលោកអាហ្សង់ទីនប្រកួតដំបូងក្នុងពូលនៅ World Cup។ បើតាមការឱ្យដឹងពីអ្នករៀបចំថា សំបុត្រចូលរួមទស្សនាត្រូវបានគេព្យាយាមទិញតាមអនឡាញជាង ២លានលើកសម្រាប់ការប្រកួតមិត្តភាព ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខាងមុខនេះ។ សម្រាប់កៅអីទស្សនាក្នុងតំបន់ VIP ត្រូវបានគេដឹងថាមានតម្លៃ ២.៦៦លានដុល្លារអាមេរិកក្នុងការដេញថ្ងៃដែលនឹងបញ្ចប់ថ្ងៃអង្គារនេះ។
សូមបញ្ជាក់ថា Ronaldo ដែលផ្លាស់មកកាន់ Al Nassr ក្នុងតម្លៃពលកម្មប្រមាណ ២០០លានដុល្លារក្នុងមួយឆ្នាំនោះ មិនទាន់បានចូលលេងការប្រកួតណាមួយនៅឡើយ ស្របពេលកីឡាករវ័យ ៣៧ឆ្នាំរូបនេះទទួលការពិន័យ ២ប្រកួតរបស់ FA អង់គ្លេសក្រោយបោកទូរស័ព្ទដៃអ្នកគាំទ្រ Everton កាលពីខែមេសាអំឡុងពេលជាកីឡាកររបស់ Manchester United។ បន្ទាប់ពីការប្រកួតមិត្តភាពនៅថ្ងៃព្រហស្បតិ៍នេះ Ronaldo ដែលអវត្តមានពីរប្រកួតរួចហើយនោះ នឹងចូលលេងការប្រកួតក្នុងលីគលើកដំបូងដែរឱ្យ Al Nassr នៅថ្ងៃអាទិត្យនេះទទួលស្វាគមន៍ Al Ettifaq៕
អត្ថបទ៖នាង សុភាវុធ