ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យមន្រ្តីក្រោមឱវាទ ចូលរួមលើកទឹកចិត្ត និងជំរុញឲ្យប្រជាកសិករមានការផ្លាស់ប្តូរឥរិយាបថ ក្នុងការប្រើប្រាស់ពូជស្រូវ ដោយប្រើពូជដែលមានតម្លៃសេដ្ឋកិច្ចនៅទីផ្សារ ជាជាងការប្រើពូជតាមទម្លាប់ដែលមានតម្លៃទាប នាំឲ្យខាតប្រយោជន៍ និងប៉ះពាល់ដល់ប្រាក់កាក់របស់ពួកគាត់។
ក្នុងឱកាសចុះទស្សនកិច្ច ត្រួតពិនិត្យសកម្មភាពការងារ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តី និងបុគ្គលិក នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) កាលពីព្រឹកថ្ងៃទី១៦ មករា ឆ្នាំ២០២៣នេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ការប្រើប្រាស់ពូជស្រូវរបស់ប្រជាកសិករ បានល្អហើយ តែមានចំណុចខ្លះផ្សេងទៀតដែលទាមទារឲ្យគាត់កែលម្អរ ក្នុងនោះត្រូវយកចិត្តទុកដាក់ក្នុងការបន្សុទ្ធពូជ និងការទុកដាក់ពូជឱ្យបានល្អ ដើម្បីឈានទៅកាត់បន្ថយការចំណាយរបស់ប្រជាកសិករ និងដើម្បីឲ្យកសិករទទួលបានផលចំណេញច្រើនជាងមុន។
បន្ថែមពីនេះ ឯកឧត្តម បានណែនាំដល់អ្នកស្រាវជ្រាវ ចាប់ពីពេលនេះ រាល់ការស្រាវជ្រាវពូជស្រូវថ្មី ត្រូវធ្វើឡើងដោយផ្អែកទៅលើប្រសិទ្ធភាពសេដ្ឋកិច្ច ពោលគឺពូជដែលផ្តល់នូវភាពងាយស្រួលដល់ការដាំដុះ និងមានតម្រូវការនៅលើទីផ្សារដើម្បីផ្តល់នូវនិរន្តភាព។
ជាមួយគ្នានេះ ឯកឧត្តម បានលើកទឹកចិត្តឲ្យវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ចាប់ដៃគូជាមួយក្រុមហ៊ុនឯកជននាពេលខាងមុខ ដើម្បីធ្វើការសិក្សាស្រាវជ្រាវរកអ្វីដែលថ្មី មានប្រយោជន៍សម្រាប់កសិករ ពោលគឺជាពូជស្រូវថ្មី ដែលងាយស្រួលដល់ការដាំដុះ មានភាពធន់នឹងអាកាសធាតុធន់នឹងសត្វល្អិត និងប្រើរយៈពេលដាំដុះខ្លីជាដើម ហើយជាពិសេសនោះ ជាស្រូវឬអង្ករដែលមានតម្រូវការនៅទីផ្សារ៕