កណ្ដាល៖ នៅថ្ងៃទី១៧ ខែមករានេះ ឯកឧត្តម នាយមឧត្តមសេនីយ៍ ម៉ឹង សំផង រដ្ឋលេខាធិការក្រសួងការពារជាតិ បាននាំកម្លាំងកងទ័ពជាង ៦០០នាក់ ទៅជួយរុះរើផ្ទះពលរដ្ឋចេញពីមាត់ព្រែកថី ស្ថិតក្នុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឯកឧត្តម ម៉ឹង សំផន ថែ្លងថា តាមរយៈការចុះជួយរុះរើផ្ទះជូនពលរដ្ឋចេញពីមាត់ព្រែកថី នឹងអាចជួយសង្គ្រោះ ប្រមូលបានសំភារៈ និងទ្រព្យសម្បត្តិពលរដ្ឋ បានទាន់ពេលវេលា។
នៅក្នុងឱកាសដឹកនាំកម្លាំងចុះរុះរើផ្ទះនោះដែរ ឯកឧត្តម ម៉ឹង សំផន បានឧបត្ថម្ភ ជូនគ្រួសាររងប៉ះពាល់ផ្ទះដោយទឹកជំនន់ប្រមាណជិត ៣០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា២សែនរៀល ស្តង់ មុងភួយ ហើយរដ្ឋបាលខេត្តកណ្តាល បានផ្តល់ឧបត្ថម្ភស្បៀងអាហារមួយចំនួនទៀតផងដែរ៕ អត្ថបទ ស៊ុម សុខជា