ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យគ្រប់មន្ទីរអប់រំ រាជធានី-ខេត្តឡើងមកទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩ ក៏ដូចជាទទួលវិញ្ញាបនបត្របណ្ដោះអាសន្នសម្រាប់ការប្រឡងក្នុងឆ្នាំ ២០២២។
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះបានជម្រាបជូនប្រធានមន្ទីរអប់រំ រាជធានី-ខេត្តទាំងអស់ ឡើងមករាជធានីភ្នំពេញ ដើម្បីទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ១៩ សីហាឆ្នាំ ២០១៩ ចាប់ពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣។
ទន្ទឹមគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងផលិតវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ធ្នូ ឆ្នាំ ២០២២ផងដែរ។ វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ធ្នូ ឆ្នាំ ២០២២ គឺមន្ទីរអប់រំ រាជធានី-ខេត្ត អាចឡើងមកទទួលចាប់ពីថ្ងៃទី ២៣ ខែមករា។ ការចេញសញ្ញាបត្រ ក៏ដូចជាវិញ្ញាបណបត្របាក់ឌុបសម្រាប់សម័យប្រឡងទាំងពីរនេះ គឺដើម្បីឱ្យបេក្ខជនអាចយកទៅប្រើប្រាស់ទៅតាមច្បាប់អនុញ្ញាត។
ក្រសួងអប់រំ បានបញ្ជាក់ផងដែរថា ការទៅទទួលសញ្ញាបត្របាក់ឌុប ក៏ដូចជាវិញ្ញាបណបត្រ គឺបេក្ខជនមិនចំណាយថវិកានោះទេ។
ពាក់ព័ន្ធនឹងការប្រគល់សញ្ញាបត្រ ក៏ដូចជាវិញ្ញាបណបត្របាក់ឌុប នៃឆ្នាំសិក្សាទាំងពីរនេះ ក្រសួងអប់រំ ក៏បានបញ្ជាក់ឱ្យប្រធានមន្ទីរនីមួយៗត្រូវប្រជុំថ្នាក់ដឹកនាំ មន្រ្តីជំនាញរបស់មន្ទីរ និងនាយក និយាការគ្រឹះស្ថានមធ្យមសិក្សាដែលមានសិស្សប្រឡងជាប់ ដើម្បីរៀបចំយន្តការ និងនីតិវិធីផ្ដល់សញ្ញាបត្រ និងវិញ្ញាបណបត្រ និងធ្វើសេចក្ដីជូនដំណឹងលម្អិតបន្ថែម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
បេក្ខជនដែលប្រឡងជាប់បាក់ឌុប សម័យប្រឡង ១៩សីហា ឆ្នាំ ២០១៩ គឺមានចំនួន ៧៩ ០៥២ នាក់ គិតជាភាគរយនៃបេក្ខជនមកប្រឡងសរុប គឺស្មើនឹង ៦៨, ៦២ភាគរយ។ រីឯការប្រឡងបាក់ឌុបសម័យប្រឡង ៥ធ្នូ ឆ្នាំ ២០២២ គឺមានបេក្ខជនដែលប្រឡងជាប់ចំនួន ៩០ ៩៥០ នាក់ គិតជាភាគរយនៃបេក្ខជនមកប្រឡង គឺចំនួន ៧២,៣៣ភាគរយ៕
អត្ថបទ៖គឹមហុក
