នេប៉ាល់៖ ក្រុមមនុស្សដ៏ច្រើនកាលពីថ្ងៃចន្ទបានមកប្រមូលផ្តុំគ្នា នៅខាងក្រៅទីតម្កល់សពប្រទេសនេប៉ាល់ ដែលដាក់សាកសពជនរងគ្រោះក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ ដែលក្នុងនោះមនុស្សយ៉ាងតិច ៧០នាក់បានស្លាប់។
ក្រុមមន្ត្រីបានធ្វើការនៅខាងក្នុង ខណៈនគរបាលបង្ក្រាបកុបកម្មបានយាមទីតាំងនេះនៅក្នុងទីក្រុងទេសចរណ៍ Pokhara ជាកន្លែងដែលយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines ATR 72 ដឹកមនុស្សចំនួន ៧២នាក់បានធ្លាក់កាលពីថ្ងៃអាទិត្យ ទី១៥ ខែមករា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការធ្វើកោសល្យវិច័យរបស់ជនរងគ្រោះក្រោយការស្លាប់ចំនួន ២៤នាក់ត្រូវធ្វើឡើងនៅក្នុងទីក្រុង Pokhara ហើយនៅសល់នឹងត្រូវបញ្ជូនទៅកាន់រដ្ឋធានី Kathmandu។ នៅកន្លែងធ្លាក់យន្តហោះ ក្រុមអ្នកស្វែងរកកាលពីថ្ងៃចន្ទបានរកឃើញឧបករណ៍ថតសំឡេងនៅកាប៊ីនយន្ដហោះ និងឧបករណ៍ថតទិន្នន័យហោះហើរ (ប្រអប់ខ្មៅ) ដែលអាចជួយអ្នកស៊ើបអង្កេតកំណត់ថា អ្វីដែលបណ្តាលឱ្យមានគ្រោះថ្នាក់នេះកើតឡើង។
ក្រុមអ្នកជួយសង្គ្រោះបានតស៊ូក្នុងអាកាសធាតុមិនអំណោយផល និងការមើលឃើញមិនបានច្បាស់ដើម្បីស្វែងរកសាកសពបន្ថែមទៀត សម្រាប់អ្នកដំណើរដែលមិនទាន់បានរកឃើញរយៈពេលជាង ២៤ម៉ោងបន្ទាប់ពីការធ្លាក់។ មន្ត្រីម្នាក់នៅមជ្ឈមណ្ឌលសម្របសម្រួលសង្គ្រោះបន្ទាន់នៅអាកាសយានដ្ឋាន Kathmandu បាននិយាយថា ការស្វែងរកត្រូវបានផ្អាកសម្រាប់ការស្វែងរកមនុស្សបាត់ខ្លួន ២នាក់ទៀតដែលនៅសល់ ខណៈភាពងងឹតបានចូលមកដល់ ហើយនឹងបន្តឡើងវិញនៅថ្ងៃអង្គារនេះ៕
អត្ថបទ៖ ប៊ុនថន