ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាអ្នកចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជាឲ្យមាន សន្តិភាព រហូតសព្វថ្ងៃនេះ។
ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំប្រទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជារហូតធ្វើឲ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ រហូតមកដល់សព្វថ្ងៃនេះ ។ ជាមួយនិងគុណបំណាច់នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ឈ្មោះផ្លូវ២ខ្សែជូនថ្នាក់ដឹកនាំនៃប្រទេសឥណ្ឌូនេស៊ីផងដែរ។
ការសំដែងនូវការអរគុណពីសំណាក់ ឯកឧត្តម ឃួង ស្រេង ខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ ឯកឧត្តម ស៊ូឌីម៉ាន ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ននសាលារាជធានីភ្នំពេញ។
ក្រោយពីជំនួបសម្តែងការគួរសម និងជម្រាបលាហើយ ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ស៊ូឌីម៉ាន ហាសេង ក៏បានអញ្ជើញពិនិត្យទីតាំងផ្លូវ ដើម្បីដាក់ឈ្មោះ វិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ជាឈ្នោះផ្លូវ ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបជាមួយនិងគុណបំណាច់នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំរដ្ឋបាលរាជធានីភ្នំពេញកសាងផ្លូវ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វា ដើម្បីរំដោះចរាចរណ៍ ពិសេសរំដោះចរាចរណ៍ ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ។
ឯកឧត្តម ស៊ូឌីម៉ាន ហាសេង ក្នុងឱកាសនោះបានសម្តែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះព័ត៌មានដ៏ល្អបំផុត ដែលផ្លូវនៅរាជធានីភ្នំពេញចំនួន២ខ្សែត្រូវបានថ្នាក់ដឹកនាំកម្ពុជាដាក់ឈ្មោះថ្នាក់ដឹកនាំប្រទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ បន្ថែមពីនេះ ឯកឧត្តម ស៊ូឌីម៉ាន ហាសេង ក៏បានលើកឡើងពីការរីកចំរើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញផងដែរ ដោយឯកឧត្ដមបញ្ជាក់ថា រាជធានីភ្នំពេញ មុនលោកមកកាន់តំណែងជាឯកអគ្គរដ្ឋទូត អគារខ្ពស់ៗ អាចរាប់បានដោយម្រាមដៃ តែពេលនេះ អគារខ្ពស់ៗបានរីកដូចផ្សិត មិនអាចរាប់ដោយម្រាមដៃបានដូចមុននោះទេ៕ ដោយ ៖ ប្រាក់ វ៉ាន់ដា








