ភ្នំពេញ ៖ សម្តេចតេជោ នឹងអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលមានគ្រែអ្នកជំងឺជិត១ម៉ឺនគ្រែ និងសំណេះសំណាលជាមួយកម្មករសំណង់ជាង១០០០នាក់។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធចុះពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ខណៈដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន គ្រោងនឹងអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់មន្ទីរពេទ្យជាតិដ៏ធំនេះ ជាមួយនិងការសំណេះសំណាលជាមួយកម្មករ ដែលបំរើការងារក្នុងការដ្ឋាននេះចំនួន១២០០នាក់ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ខាងមុខ។
ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះបានណែនាំឲ្យលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បើកសួនច្បារទ្រូងមហាវិថឺឈ្នះ ឈ្នះ មុខមន្ទីរពេទ្យនោះទំហំ១២០ម៉ែត្រ និងដាក់លូខ្នាតធំអមសងខាងអគារមន្ទីរពេទ្យភ្ជាប់ទៅប្រឡាយ៧០ម៉ែត្រក្រោយអគារ ដើម្បីបើកផ្លូវចូលមន្ទីរពេទ្យ និងដើម្បីរំដោះទឹកចេញពីបរិវេនមន្ទីរពេទ្យនេះ ជាមួយនឹងការណែនាំឲ្យមានការរៀបចំការងារមួយចំនួនទៀតផងដែរ។
មន្ទីរពេទ្យ តេជោសន្តិភាព មានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ លើទំហំផ្ទៃដី ៧៤៨០ ម៉ែត្រការ៉េ ក្នុងនោះមានអគារសម្រាកព្យាបាលកម្រិតធ្ងន់ H1 និងH2 មានគ្រែសរុបចំនួន ៥២៧គ្រែ ។ អគារសម្រាកព្យាបាលកម្រិតស្រាល H3, H4, H5, H6 និង H7 មានគ្រែអ្នកជំងឺចំនួន ៩៤៩៦គ្រែ។ គ្រែបុគ្គលិកពេទ្យប្រចាំការចំនួន៤៦គ្រែ និងគ្រែបុគ្គលិកស្នាក់នៅចំនួន២០៦គ្រែ ជាមួយនិងអគារបច្ចេកទេស មានចំណតរថយន្តផ្ទៃក្រឡា ៧០២៦ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន ២១០គ្រឿង។ មានសួនច្បារ ៤៤៩០ ម៉ែត្រការ៉េ ។ អគារផ្គត់ផ្គង់ និងពត៌មាន មានទំហំ ២៨៣៥ ម៉ែត្រការ៉េ អគារស្នាក់នៅសម្រាប់បុគ្គលិក មានចំនួន ២៣៤គ្រែ ។សម្រាប់អគារ A, S, E,H1,H2,H3,H4,H5,H6,H7, T1,T2 ដែលអគារនីមួយៗសុទ្ធតែមានមុខងារសំខាន់ៗជាពិសេស អគារ T1,T2 ។ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអុីស៊ី សហការជាមួយសាលារាជធានីភ្នំពេញ។
មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឲ្យដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣។
មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាពទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេ ដោយមន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដា៕ ដោយ ៖ ប្រាក់ វ៉ាន់ដា













