បាល់ទាត់៖ ក្រុមបាល់ទាត់ក្រសួងបរិស្ថានបានបន្ថែម ៣ពិន្ទុទៀតហើយ ក្រោយយកឈ្នះក្រុមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ១-០ ក្នុងប្រកួតទី២ នៃពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័នលើកទី៨ ពូល B កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។
ជំនួបលើទីលាន The Blue Sports Arena នេះ ក្រុមទាំងពីរបានរក្សាលទ្ធផលស្មើគ្នា ០-០ នៅវគ្គទី១ ហើយបន្ដការប្រកួតរហូតដល់ចុងវគ្គទី២ ទើបមានគ្រាប់បាល់កើតឡើងដែលធ្វើសម្រេចដោយកីឡាករ សេង កុសល នៅនាទី៧០ ជួយឲ្យក្រុមក្រសួងបរិស្ថានយកឈ្នះក្រុមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ១-០ តែម្ដង។ ជ័យជម្នះនេះបានធ្វើឲ្យក្រុមក្រសួងបរិស្ថានកាន់តែមានឱកាសខ្ពស់ឡើងទៅវគ្គបន្ដ នៃពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័នឆ្នាំនេះ បន្ទាប់ពីប្រកួតដំបូង ពួកគេបានយកឈ្នះក្រុមក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយលទ្ធផល ៣-០ កាលពីថ្មីៗកន្លងទៅ៕
អត្ថបទ៖ លី ឈុនឡា