ប៉ូឡូញ៖ មន្ត្រីយោធាជាន់ខ្ពស់សហរដ្ឋអាមេរិកបានធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ និងបានពិភាក្សាជាមួយសមភាគីអ៊ុយក្រែនក្នុងជំនួបទល់មុខគ្នាជាលើកដំបូង ខណៈសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនឈានចូលជិតគម្រប់ ១ឆ្នាំ។
អគ្គមេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកលោក Mark Milley ដែលជាប្រធាននាយសេនាធិការចម្រុះបានជួបរយៈពេលជាច្រើនម៉ោង ជាមួយមន្ត្រីប្រមុខយោធារបស់អ៊ុយក្រែនលោកឧត្ដមសេនីយ៍ Valerii Zaluzhnyi នៅក្នុងទីតាំងពុំបានបញ្ជាក់មួយក្នុងប្រទេសប៉ូឡូញភាគអាគ្នេយ៍ជិតព្រំដែនអ៊ុយក្រែន។ លោក Zaluzhnyi បាននិយាយថា លោកបានគូសបញ្ជាក់ពីតម្រូវការបន្ទាន់ សម្រាប់កងកម្លាំងរបស់លោកកាលពីថ្ងៃអង្គារជាមួយលោក Milley។ មេដឹកនាំទាំង២ បានពិភាក្សាគ្នាជាញឹកញាប់អំពីតម្រូវការយោធារបស់អ៊ុយក្រែន និងស្ថានភាពនៃសង្គ្រាមកាលពីពីឆ្នាំមុន ប៉ុន្តែពុំដែលបានជួបគ្នាដោយផ្ទាល់ទេ។
ជំនួបនេះមានឡើង ខណៈសហគមន៍អន្តរជាតិបង្កើនជំនួយយោធាដល់អ៊ុយក្រែន រួមទាំងការពង្រីកការហ្វឹកហាត់របស់ទាហានអ៊ុយក្រែនដោយសហរដ្ឋអាមេរិក និងការផ្ដល់ខែលការពារមីស៊ីលប៉ាទ្រីយ៉ូត រថក្រោះ និងការបង្កើនការការពារដែនអាកាស និងប្រព័ន្ធអាវុធផ្សេងទៀតដោយសហរដ្ឋអាមេរិក និងកម្លាំងចម្រុះរបស់សហភាពអឺរ៉ុប និងបណ្ដាប្រទេសផ្សេងទៀត។ ជំនួបនេះក៏បានកើតឡើងផងដែរ ស្របពេលមានការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅក្នុងខេត្ត Donetsk ភាគខាងកើត ជាទីដែលកងកម្លាំងរុស្ស៊ីដែលមានជំនួយ ពីក្រុមទាហានស៊ីឈ្នួលវ៉េកណាគ្រុបរាប់ពាន់នាក់ក្នុងការកែប្រែស្ថានការណ៍ ក្រោយការដើរថយក្រោយនៅសមរភូមិប្រយុទ្ធក្នុងពេលប៉ុន្មានខែថ្មីៗនេះ៕
អត្ថបទ៖ សុខមាន