អឺរ៉ុប៖ គណៈកម្មការអឺរ៉ុបបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងបង្កើតឃ្លាំងបម្រុងយុទ្ធសាស្ត្រនៃសម្ភារៈ និងការផ្គត់ផ្គង់លើកដំបូង ដែលអាចផ្ដល់ការឆ្លើយតបដល់បណ្ដាសមាជិកសហភាពអឺរ៉ុប ចំពោះឧបទ្ទវហេតុអាវុធគីមី ឬនុយក្លេអ៊ែរដ៏ខ្លាំងក្លានៅថ្ងៃណាមួយ។
ឃ្លាំងស្តុកអាវុធនេះនឹងត្រូវបង្កើតឡើងនៅក្នុងប្រទេសហ្វាំងឡង់ ដែលផ្ដល់ការងាយស្រួលដល់រដ្ឋនីមួយៗនៅតំបន់បាល់ទីក។ គណៈកម្មការអឺរ៉ុបសម្រាប់ការគ្រប់គ្រងវិបត្តិលោក Janez Lenarcic បាននិយាយថា ជម្លោះនៅអ៊ុយក្រែនបានបញ្ជាក់ពីតម្រូវការ ក្នុងការបង្កើតឃ្លាំងស្តុកអាវុធដែលនឹងផ្ដល់នូវសុវត្ថិភាពជាចម្បង រហ័ស និងការឆ្លើយតបដែលត្រូវបានសម្របសម្រួលនៅកម្រិតសហភាពអឺរ៉ុប។ យោងតាមសារព័ត៌មាន EuroNews ឃ្លាំងស្តុកនេះនឹងរួមមានវិធានការណ៍វេជ្ជសាស្ត្រសំខាន់ៗ បូករួមទាំងវ៉ាក់សាំង និងថ្នាំប្រឆាំងមេរោគ ឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ឆ្លើយតបជំនាញដែលត្រូវការ ដើម្បីឆ្លើយតបទៅនឹងគ្រោះថ្នាក់ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ។
តាមទ្រឹស្ដីទីតាំងនេះគួរតែអាចបញ្ជូនការផ្គត់ផ្គង់ក្នុងរយៈពេល ១២ម៉ោង បន្ទាប់ពីសមាជិកដែលរងផលប៉ះពាល់ទទួលយកការផ្តល់ជូនជំនួយរបស់សហភាពអឺរ៉ុប។ ទីក្រុងប្រ៊ុចសែលបានអនុម័តថវិកាចំនួន ២៤២លានអឺរ៉ូស្មើ ២៦១លានដុល្លារអាមេរិកក្នុងការផ្តល់មូលនិធិសម្រាប់កម្មវិធីនេះ ក្នុងគោលបំណងដើម្បីឲ្យមានការត្រៀមលក្ខខណៈរួចរាល់ សម្រាប់ប្រើប្រាស់នៅឆ្នាំ២០២៤៕
អត្ថបទ៖ សុខមាន