ភ្នំពេញ៖ នគរបាលខេត្តស្វាយរៀង បានចាប់ខ្លួនយោធាផ្កាយ២មួយរូប និងបក្ខពួកចំនួន ០៦នាក់ទៀត ដែលពាក់ព័ន្ធអំពើរត់ពន្ធមនុស្សជនជាតិចិនចំនួន ២៨នាក់ ឆ្លងរាជធានីខេត្ត ខណៈពេលបិទខ្ទប់ ហើយប្រុងនឹងឆ្លងដែនចេញពីកម្ពុជា។
នគរបាលនៃស្នងការដ្ឋានខេត្តស្វាយរៀង បានចាប់ខ្លួនឧត្ដមសេនីយ៍ទោម្នាក់ និងបក្ខពួកចំនួន ០៦នាក់ ពាក់ព័ន្ធអំពើរត់ពន្ធមនុស្ស បន្ទាប់ពីមានរកឃើញថា អ្នកទាំងនេះបាននាំជនជាតិចិនជិត ចំនួន ២៨នាក់ ប្រុងឆ្លងដែនខុសច្បាប់ចេញកម្ពុជា ដោយពួកគេលួចដឹកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅក្រុងបាវិត ខេត្តស្វាយរៀង នាពេលរាត្រី។
ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីវេលាទាបភ្លឺថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅចំណុចសណ្ឋាគារ TTP 1 ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពព័ត៌មានឱ្យដឹងថា មេក្លោងក្នុងអំពើរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់នេះឈ្មោះ ស៊ុំ ពៅ មានឋានន្តរសក្តិជា ឧត្តមសេនីយ៍ទោ និងមានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។
បន្ទាប់ពីមានការចាប់ខ្លួនមន្ដ្រីយោធាជាន់ខ្ពស់នេះ សារសម្លេងរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលប្រព័ន្ធផ្សព្វផ្សាយទទួលបាន បានបញ្ជាក់ថា ចំពោះបុគ្គលឈ្មោះ ស៊ុំ ពៅ នេះគឺត្រូវតែធ្វើតាមច្បាប់ ដោយមិនមានការយោគយល់នោះទេ ព្រោះជាអំពើរត់ពន្ធមនុស្ស និងបានបំពានបំរាមរបស់ រាជរដ្ឋាភិបាល។
មកដល់ពេលនេះ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួកផ្សេងទៀត ដែលនគរបាលឃាត់ខ្លួន កំពុងបន្តការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា