ភ្នំពេញ ៖ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន និងវៀតណាម នាប៉ុន្មានថ្ងៃខាងមុខនេះ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងជាង ១៥០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលនឹងមកដល់នាពេលខាងមុខនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនៅផែនការច្បាស់លាស់ ដោយត្រៀមកម្លាំងសមត្ថកិច្ចជាង ១៥០០នាក់ ដើម្បីការពារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទៅរួមមាន ៖ កម្លាំងចរាចរណ៍ដើម្បីជួយសម្រួលចរាចរណ៍គ្រប់គោលដៅទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក៏ដូចជាច្រកចេញចូលទាំងអស់ក្នុងរាជធានីភ្នំពេញដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍។ មួយវិញទៀតបានយកចិត្តទុកដាក់នឹងបានពង្រាយកម្លាំងការពារគ្រប់គោលដៅសប្បាយទាំងអស់ ដូចជារមណីយដ្ឋានកន្លែងកំសាន្តផ្សេងៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដោយប្រើប្រាស់កម្លាំងនគរបាលការិយាល័យជំនាញនិងកម្លាំងនគរលប៉ុស្តិ៍រដ្ឋបាលសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤។ចំពោះកម្លាំងអន្តរាគមន៍ បានត្រៀមរួចរាល់ដើម្បីត្រៀមដោះស្រាយបញ្ជាដឹកនាំកម្លាំងពេលមានបញ្ហាផ្សេងៗកើតឡើងភ្លាមៗ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានសង្កត់ធ្ងន់ថាកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ គឺបានត្រៀម ២៤ ម៉ោងលើ ២៤ម៉ោង ដើម្បីត្រៀមចេញជួយសង្គ្រោះពលរដ្ឋបានទាន់ពេលវេលាពេលមានគ្រោះអគ្គិភ័យកើតឡើង។
ជាចុងក្រោយលោកបានបញ្ជាក់ថាក្នុងនាមជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមសំណូមពរដល់ពលរដ្ឋទាំងអស់ សូមចូលរួមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដូច្នេះមុនពេលចាកចេញពីផ្ទះត្រូវមើលឲ្យបានច្បាស់លាស់នូវភ្លើងទានភ្លើងធូប ។ ចំណែកពលរដ្ឋដែលត្រូវចាកចេញពីផ្ទះធ្វើដំណើរកំសាន្តតាមរមណីយដ្ឋានផ្សេងៗឆ្ងាយពីផ្ទះសូមមើលទ្វារបង្អួចសោរផ្ទះឲ្យបានត្រឹមត្រូវមុននឹងចាកចេញ។ រួមជាមួយគ្នានោះដែរកម្លាំងសមត្ថកិច្ចបានប្រុងប្រយ័ត្ននិងមានផែនការល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីបង្ការទប់ស្កាត់ការពារសន្តិសុខសណ្ដាប់ធ្នាប់មិនឲ្យមានបទល្មើសផ្សេងៗកើតឡើងក្នុងឱកាសបុណ្យចូលឆ្នាំចិននេះផងដែរ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា



