កាយវប្បកម្ម៖ កីឡាកាយវប្បកម្មត្រូវបានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សម្រេចដកចេញពីការប្រកួតស៊ីហ្គេមនាខែឧសភាខាងមុខហើយ ក្រោយរកឃើញកីឡាករ ២រូបជាប់ពាក់ព័ន្ធការប្រើប្រាស់សារធាតុហាមឃាត់ (ដូភីង) កំឡុងការប្រកួតកីឡាជាតិលើកទី៣ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។
ការណ៍នេះបានធ្វើឲ្យលោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា រួមទាំងក្រុមជម្រើសជាតិទាំងមូលមានការសោកស្ដាយជាខ្លាំង និងបានធ្វើការសុំទោសជាសាធារណៈចំពោះកំហុសឆ្គងដោយអចេតនារបស់កីឡាករ ២រូបដែលធ្លោយប្រើសារធាតុហាមឃាត់ប្រភេទ Steroids ដោយមិនដឹងខ្លួន រួមមានកីឡាករ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង។ ក្រោយកើតមានរឿងរ៉ាវដ៏រសើប ក៏ដូចជាការឆ្លើយសារភាពត្រង់ចំពោះមុខសហព័ន្ធរបស់កីឡាករជម្រើសជាតិទាំង ២រូបនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ សហព័ន្ធក៏បានរៀបចំសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការសហព័ន្ធ ដើម្បីឲ្យកីឡាករសារភាព និងសុំទោសជាសាធារណៈជុំវិញនឹងការប្រើប្រាស់សារធាតុហាមឃាត់ និងការត្រូវបានគណៈកម្មាធិការជាតិ CAMSOC ដកចេញពីស៊ីហ្គេម។
ក្នុងនាមប្រធានសហព័ន្ធ លោក តឹក ប៊ុនវី បានសម្ដែងការសោកស្ដាយ និងឈឺចាប់ជាខ្លាំងដែលការខិតខំប្រឹងប្រែងជាច្រើនឆ្នាំ ពិសេសការខំប្រឹងហ្វឹកហាត់របស់កីឡាករ-កីឡាការិនីជម្រើសជាតិខ្លួនដើម្បីត្រៀមស៊ីហ្គេម ត្រូវបានរលាយពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុមហាមឃាត់ ពិសេសប្រភេទ Steroids ដែលអន្ដរជាតិមានការព្រួយបារម្ភ និងទប់ស្កាល់ ក្នុងនោះសហព័ន្ធក៏បានហាមឃាត់យ៉ាងម៉ឺងម៉ាត់ផងដែរ។ ពាក់ព័ន្ធករណីនេះកីឡាករ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង បានសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបានចាក់ថ្នាំបញ្ចុះជាតិទឹកពិតមែន តែពួកគេបានលើកឡើងស្រដៀងគ្នាថា ពុំបានដឹងថា ថ្នាំនេះស្ថិតក្នុងបញ្ចីហាមឃាត់របស់ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក(WADA) នោះទេ។ ផាន់ ណារិទ្ធ បានពន្យល់ថា ដំបូងឡើយខ្លួន និងមិត្តរួមក្រុមបានទៅក្លិបហាត់ប្រាណ King GYM ដែលមានអតីម្ចាស់មេដាយមាសអន្ដរជាតិ សំបូរ សុភ័ណ្ឌ ជាក្លិប ដើម្បីសុំការណែនាំមុនការប្រកួតកីឡាជាតិលើកទី៣។
បន្ទាប់ពីទៅដល់ម្ចាស់ក្លិបលោក សំបូរ សុភ័ណ្ឌ ក៏បានប្រាប់ឲ្យពួកគេស្នាក់នៅទីនោះ ដើម្បីប្រាប់ពីវិធីពិសេសធ្វើឲ្យសាច់ដុំស្ងួតល្អ។ លុះដល់យប់ឡើង បន្ទាប់ពីញាំអាហារហើយ ម្ចាស់ក្លិបរូបនេះក៏បានដាស់ពួកគេ ដើម្បីចាក់ថ្នាំសម្រកជាតិទឹកម្នាក់ម្ដងៗចំនួន ២ដូសដោយដូសទី១ ចាក់នៅយប់រំលងអាធ្រាត្យថ្ងៃទី២៥ ខែវិច្ឆិកា និងដូសទី២ ចាក់នៅយប់រំលងអាធ្រាត្យថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ ណារិទ្ធ បន្ថែមថា ជាមួយការចាក់ថ្នាំនេះដែរ ខ្លួនក៏បានសួរ សំបូរ សុភ័ណ្ឌ ពីផលប៉ះពាល់ដែរ តែត្រូវបានម្ចាសក្លិប King GYM រូបនេះឆ្លើយថា អត់អីទេ វាមានរយៈពេលត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ ណាមួយលោកក៏ដឹងថា ពួកគាត់ជាកីឡាករជម្រើសជាតិត្រៀមស៊ីហ្គេមដែរ។ តែអ្វីដែលត្រូវបានហួសពេល ក្រោយភ្នាក់ងារដូប៉ាកម្ពុជាធ្វើតេស្ដទឹកនោមពួកគេ បន្ទាប់ពីចប់ការប្រកួតកីឡាជាតិលើកទី៣ រកឃើញពួកគេមានសារធាតុហាមឃាត់ប្រភេទ Steroids ទើបពួកគេដឹងថា ខ្លួនបានដើរលើផ្លូវខុសរួចទៅហើយ។
ជុំវិញរឿងនេះ ទាំងកីឡាករ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង បានសម្ដែងការសោកស្ដាយជាខ្លាំង និងសុំទោសប្រជាពលរដ្ឋកម្ពុជា ពិសេសមិត្តរួមក្រុម ដែលពួកគេបានធ្វើឲ្យប៉ះពាល់ដល់សហព័ន្ធ បង្កឲ្យគណៈកម្មាធិការជាតិ CAMSOC សម្រេចដកកីឡាកាយវប្បកម្មពីស៊ីហ្គេម នាំឲ្យមិត្តរួមក្រុមផ្សេងទៀតមិនមានឱកាសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។ យ៉ាងណាក្ដីពួកគេក៏បានស្នើសុំការអន្ដរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីបានដាក់បញ្ចូលកីឡានេះក្នុងស៊ីហ្គេម និងផ្ដល់ឱកាសដល់កីឡាករផ្សេងទៀត ដែលមិនបានសាងកំហុសបានបង្ហាញសមត្ថភាព និងដណ្ដើមមេដាយជូនជាតិក្នុងស៊ីហ្គេមឆ្នាំ២០២៣ នេះផងដែរ។ គួរដឹងថា សហព័ន្ធកីឡាកាយវប្បកម្មអន្ដរជាតិ ត្រូវបានទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA) ប្រកាសដាក់ក្នុងបញ្ជីហាមឃាត់ ដោយសារការរកឃើញប្រភេទកីឡានេះ ងាយទទួលរងនូវការប្រើប្រាស់សារធាតុហាមឃាត់ជាច្រើន។ ការណ៍នេះអាចជាកត្ដាមួយដ៏សំខាន់ ដែលនាំឲ្យគណៈកម្មាធិការជាតិ CAMSOC សម្រេចដកកីឡាកាយវប្បកម្មចេញពីស៊ីហ្គេម ដើម្បីចៀសវាងផលប៉ះពាល់នានា ពិសេសនាំឲ្យប៉ះពាល់ដល់កិត្តិយសជាតិ ដ្បិតកម្ពុជាក៏ជាប្រទេសហត្ថលេខីរបស់ទីភ្នាក់ងារ WADA ផងដែរ៕
អត្ថបទ៖ លី ឈុនឡា