បាល់ទាត់៖ មហាសេដ្ឋីអង់គ្លេស Sir Jim Ratcliffe ដែលជាម្ចាស់ក្រុមហ៊ុន Ineos បានប្រកាសផ្លូវការពីការចូលខ្លួនទិញភាគហ៊ុនក្លិបបិសាចក្រហម Manchester United។ ម្ចាស់ក្លិបបច្ចុប្បន្នគ្រួសារត្រកូល Glazer បានប្រកាសលក់ភាគហ៊ុនធំ Manchester United កាលពីខែវិច្ឆិកា។

Sir Jim Ratcliffe មុននេះទើបតែបរាជ័យក្នុងការទិញភាគហ៊ុនធំ ៤.២៥ពាន់លានផោនរបស់ក្លិបតោខៀវ Chelsea កាលពីឆ្នាំមុន បន្ទាប់ពីមហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich ប្រកាសលក់ក្លិបនៅទីក្រុងឡុងដ៍មួយនេះ ដែលបច្ចុប្បន្នស្ថិតក្រោមការវិនិយោគរបស់អ្នកជំនួញអាមេរិក Todd Boehly។ Sir Jim Ratcliffe មានដើមកំណើតនៅទីក្រុង Manchester និងជាអ្នកគាំទ្រក្រុមបិសាចក្រហម Manchester United តាំងពីកុមារ ហើយលោកគឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិកំពូលម្នាក់នៅចក្រភពអង់គ្លេស។
ជាម្ចាស់ក្រុមហ៊ុន Ineos, Sir Jim Ratcliffe ក៏កំពុងវិនិយោគក្លិបបាល់ទាត់បារាំង OGC Nice និងក្លិបស្វ៊ីស Lausanne ផងដែរ រួមជាមួយនឹងការវិនិយោគលើប្រភេទកីឡាផ្សេងទៀត ដូចជាប្រណាំងកង់ និង Formula One ជាដើម៕
អត្ថបទ៖នាង សុភាវុធ