កំពង់ឆ្នាំង៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ និងជាអនុប្រធានសមាគមអតីតយុទ្ធជនខេត្ត និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បានបន្តចុះជីកអណ្តូងទឹកស្អាតជូនបងប្អូនក្រុមគ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនេះ ដើម្បីអោយបងប្អូនក្រុមគ្រួសារអតីតយុទ្ធជនមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។
លោកឧត្តមសេនីយ៍ទោ ខូវ លី អនុប្រធានសមាគមអតីតយុទ្ធជនខេត្តបានបន្តថា ដោយសារតែមើលឃើញនូវការខ្វះទឹកស្អាតប្រើប្រាស់របស់បងប្អូនគ្រួសារអតីតយុទ្ធជនដែលបានមករស់នៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ជាទីតាំងដែលសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន បានប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជននាពេលថ្មីៗនេះ។ ការចុះមកជីកអណ្តូងទឹកស្អាតពេលនេះ គឺយើងត្រូវដាក់អណ្តូងស្នប់១ ប្រើបាន ១០ខ្នងផ្ទះសិន ហើយក្នុង ១០០ខ្នងផ្ទះនេះ ត្រូវជីកអណ្តូងទឹកស្អាតជូនគាត់ចំនួន ១០អណ្តូងផងដែរ ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ទោ ខូវ លី ដែលបានផ្តល់អណ្តូងទឹកស្អាតចំនួន១០អណ្តូងនេះ ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅទីនេះ អោយមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ក្នុងគ្រួសារ និងផ្តល់នូវសុខភាពល្អដល់បងប្អូន។ កន្លងមក សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា, ឯកឧត្តម គន់ គីម អនុប្រធានសមាគម និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា, និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះក្រុមគ្រួសារអតីតយុទ្ធជនគ្រប់ទីកន្លែង ដែលជួបការលំបាកខ្វះខាត ដោយបានផ្តល់ជូនពួគាត់នូវផ្ទះ ដីលំនៅដ្ឋាន ដីកសិកម្ម សំរាប់ចិញ្ចឹមជីវិតផងដែរ។
តំណាងក្រុមគ្រួសារអតីតយុទ្ធជន៣នាក់បាន ថ្លែងអំណរគុណដល់សម្តេចតេជោ សែន ប្រធានសមាគមអតីតយុទ្ធជន និងថ្នាក់ដឹកនាំទាំងអស់ ដែលបានយកចិត្តទុកដាក់ដល់ក្រុមគ្រួសារអតីតយុទ្ធជន ដោយបានផ្តល់ជា ដីលំនៅដ្ឋាន ជាផ្ទះ និងជាដីកសិកម្ម ជូន ។ ហើយថ្មីនេះ ថ្នាក់ដឹកនាំបានផ្តល់ជូននូវអណ្តូងទឹកស្អាតចំនួន១០អណ្តូងទៀត សំរាប់ការប្រើប្រាស់ ជាពិសេសជួយដល់សុខុមាលភាពបងប្អូនគ្រួសារអតីតយុទ្ធជនបានល្អប្រសើរថែមទៀត។
គួរបញ្ជាក់ថា ផ្ទះ ដីលំនៅដ្ឋាន ដីកសិកម្ម របស់គ្រួសារអតីតយុទ្ធជននៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវផ្តល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនជាបន្តបន្ទាប់រហូតដល់៥០០ខ្នងផ្ទះ ។ ពេលនេះ ផ្ទះ ដីលំនៅឋាន ដីកសិកម្ម ត្រូវបានផ្តល់ជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន១០០ខ្នងផ្ទះរួចហើយ នៅសល់ ៤០០ខ្នងផ្ទះទៀតកំពុងសាងសង់ជាបន្តបន្ទាប់៕ ហុង វាស្នា

