បាល់ទាត់៖ ខ្សែបម្រើស្លាបអេស្ប៉ាញ Pablo Sarabia បានសម្រេចក្នុងការផ្លាស់ពីក្លិបបារាំង Paris Saint Germain មកចូលរួមជាមួយ Wolverhampton ក្នុងតម្លៃផ្ទេរ ៤.៤លានផោន។
កីឡាករវ័យ ៣០ឆ្នាំរូបនេះបានផ្លាស់មកកាន់កីឡដ្ឋាន Molineux ដែលកំពុងឈរលេខ ១៦ ក្នុងតារាង Premier League ដោយបានចុះហត្ថលេខារយៈពេល ២ឆ្នាំកន្លះ។ Pablo Sarabia បានចាកចេញពី Sevilla កាលពីឆ្នាំ២០១៩ ផ្លាស់ទៅកាន់ Paris Saint Germain ដោយស៊ុតបញ្ចូលទីបាន ១១គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥លើកនៅក្លិបជើងឯកបារាំងមួយនេះ។ Sarabia ត្រូវបានកោះហៅចូលក្រុមជំរើសជាតិអេស្ប៉ាញ និងចូលលេងប្រកួតដំបូងកាលពីឆ្នាំ២០១៩ បង្ហាញខ្លួនបាន ២៦ប្រកួតស៊ុតបញ្ចូលទីបាន ៩គ្រាប់។
អតីតកីឡាកររបស់ Sevilla រូបនេះក៏ជាសមាជិកក្រុមជម្រើសជាតិអេស្ប៉ាញនៅ World Cup កាតាផងដែរ ដោយបានបង្ហាញខ្លួនមួយលើកក្នុងពេលផ្លាស់ប្តូរចូលពេលលេងទល់នឹងម៉ារ៉ុក។ មុនមកដល់ Wolves នេះ Sarabia បានចំណាយពេលពេញមួយរដូវកាល ២០២១-២២ នៅ Sporting Lisbon ខណៈការមកដល់ Wolves ជាការរួមការងារជាមួយគ្នាសារជាថ្មីជាមួយអ្នកចាត់ការ Julen Lopetegui ដែលធ្លាប់ដឹកនាំ Sevilla៕
អត្ថបទ៖នាង សុភាវុធ