អ៊ុយក្រែន៖ របាយការណ៍របស់អង្គការសហប្រជាជាតិនិយាយថា ចំនួនអ្នកស្លាប់ជាជនស៊ីវិលនៅប្រទេសអ៊ុយក្រែនមានលើសពី ៧០០០នាក់ ចាប់តាំងពីការវាយលុករបស់រុស្ស៊ីចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំមុន។ យ៉ាងហោចណាស់មនុស្ស ៤០នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ នៅក្នុងការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃសៅរ៍ លើអគារអឹផាត់មឹនកម្ពស់ ៩ជាន់ក្នុងទីក្រុង Dnipro ភាគខាងកើត។

អាជ្ញាធរគ្រាអាសន្នរបស់អ៊ុយក្រែនបាននិយាយថា កុមារ ៣នាក់ស្ថិតក្នុងចំណោមជនរងគ្រោះ ហើយ ២៥នាក់ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ។ រុស្ស៊ីបានអះអាងថា អគារក្នុងទីក្រុង Dnipro ត្រូវបានវាយប្រហារបណ្តាលមកពីសកម្មភាពប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្កោលទោសទីក្រុងមូស្គូ។ លោកបាននិយាយថា អ្នកគ្រប់គ្នាដែលជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មសង្គ្រាមនេះ នឹងត្រូវកំណត់អត្តសញ្ញាណ ហើយនឹងនាំយកមកកាត់ទោស។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានរិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហារដោយមីស៊ីលនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយតាមរយៈអ្នកនាំពាក្យរបស់លោក Guterres បាននិយាយថា ការវាយប្រហារមកលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ។ ពួកគេត្រូវតែបញ្ចប់ភ្លាមៗ។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សបានរាយការណ៍ថា យ៉ាងហោចណាស់ជនស៊ីវិល ៧,០៣១នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែននៅចន្លោះថ្ងៃទី២៤ ខែកុម្ភៈឆ្នាំមុន ខណៈការវាយលុកបានចាប់ផ្តើម និងរហូតដល់ថ្ងៃទី១៥ ខែមករានេះ ហើយជនរងគ្រោះ ៤៣៣នាក់គឺជាកុមារ៕
អត្ថបទ៖ ប៊ុនថន