ភ្នំពេញ៖ សារមន្ទីរព្រះស្រីឦសានវរ្ម័ន ដែលស្ថិតក្រោមធនាគារជាតិកម្ពុជា បានរៀបចំការតាំង ពិព័រណ៍មិនអចិន្ត្រៃយ៍រូបថតឯកសារ នៃដំណើរព្រះរាជកិច្ចរបស់ព្រះបាទ ស៊ីសុវត្ថិ យាងទៅប្រទេសបារាំង ក្នុងឆ្នាំ១៩០៦ និងដើម្បីអបអរសាទរខួបទី៧០ឆ្នាំ ដែលកម្ពុជាទទួលបានឯករាជ្យ ពីប្រទេសបារាំងផងដែរ ។
លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរព្រះស្រីឦសានវរ្ម័ន បានឲ្យដឹងថា ការតាំងពីពិព័រណ៍រូបថតឯកសារព្រះបាទស៊ីសុវត្ថិនេះ ធ្វើជារៀងរាល់ថ្ងៃ រហូតដល់ខែមេសា ចាប់ពីម៉ោង៩ព្រឹក ដល់៦ល្ងាច លើកលែងតែថ្ងៃច័ន្ទ និងថ្ងៃបុណ្យ ដែលមានទីតាំងជិតរមណីយដ្ឋានវត្តភ្នំ និងអាចចូលតាមផ្លូវ១០២ ឬច្រកខាងមុខ នៅលើផ្លូវលេខ១០៦ ។
លោក បានបន្តថា ព្រះបាទស៊ីសុវត្ថិ ជាព្រះមហាក្សត្រខ្មែរដំបូងគេ បានយាងធ្វើដំណើរទស្សនកិច្ចក្នុងបច្ចឹមប្រទេស និធ្វើឲ្យប្រទេសក្នុងតំបន់នោះ បានស្គាល់ពីប្រទេសខ្មែរកាន់តែច្រើន ហើយដំណើរព្រះរាជទស្សនកិច្ចនេះ ក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងបារាំងផងដែរ ។
លោក ប្លែស គីលីយ៉ង់ ការតាំងពិព័រណ៍នេះ ក៏បានបង្ហាញពីប្រភពឯកសារផងដែរ ដល់អ្នកស្រាវជ្រាវពីព្រះប្រវត្តិរបស់ព្រះអង្គ ខណៈសារមន្ទីរព្រះស្រីឦសានវរ្ម័ន កំពុងស្រាវជ្រាវបន្ថែមនូវឯកសារនានា ពាក់ព័ន្ធនឹងព្រះអង្គ និងព្រះមហាក្សត្រខ្មែរជាច្រើនអង្គទៀត ដើម្បីយកមកតាំងពិព័រណ៍ ដល់ភ្ញៀវទេសរជាតិ និងអន្តរជាតិបានទស្សនា និងស្រាវជ្រាវ ។
គួរបញ្ជាក់ថា ក្រៅពីរូបថតឯកសារព្រះបាទស៊ីសុវត្ថិ សារមន្ទីរព្រះស្រីឦសានវរ្ម័នក៏បាននាំយករូបថតផ្សេងៗមកតាំងពិព័រណ៍ ក្នុងពិព័រណ៍មិនអចិន្ត្រៃយ៍នេះ ជាច្រើនប្រភេទទៀត ហើយភ្ញៀវអាចចូលទស្សនាដោយឥតគិតថ្លៃ ដែលកន្លងមកមានភ្ញៀវចូលទស្សនា ជាច្រើនពាន់នាក់មកហើយ ៕
អត្ថបទ៖ បាន សុខរិទ្ធិ




