នេប៉ាល់៖ ក្រុមអ្នកជួយសង្គ្រោះបានប្រើប្រាស់យានដ្រូន និងបានចុះទៅជ្រោះជ្រៅមួយកន្លែងកាលពីថ្ងៃអង្គារ ដើម្បីស្វែងរកអ្នកបាត់ខ្លួនចុងក្រោយ ពីគ្រោះមហន្តរាយផ្លូវអាកាសដ៏អាក្រក់បំផុតរបស់ប្រទេសនេប៉ាល់ក្នុងរយៈពេល ៣០ឆ្នាំមកនេះ ដែលក្នុងឧប្បត្តិហេតុនេះមនុស្សយ៉ាងហោចណាស់ ៧១នាក់បានស្លាប់រួមមានទាំងកុមារ។

ស្ថានភាពលំបាកនៅជុំវិញជ្រលងភ្នំ និងអាកាសធាតុមិនអំណោយផល បានរារាំងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅជិតទីក្រុងទេសចរណ៍ Pokhara ជាកន្លែងដែលយន្តហោះជើងហោះហើរ Yeti Airlines ATR 72 ផ្ទុកមនុស្ស ៧២នាក់បានធ្លាក់កាលពីថ្ងៃអាទិត្យ។ មន្ត្រីនគរបាលនៅទីក្រុង Pokhara និយាយថា ពេលនេះមានអ័ព្ទក្រាស់នៅទីនេះ យើងកំពុងបញ្ជូនបុគ្គលិកស្វែងរក និងជួយសង្គ្រោះដោយប្រើខ្សែពួរចុះទៅក្នុងជ្រលងភ្នំ ដែលបំណែកខ្លះនៃយន្តហោះបានធ្លាក់។ ក្រុមអ្នកជួយសង្គ្រោះបានប្រមូលសាកសពមនុស្ស ហើយបានបញ្ជូនទៅធ្វើតេស្ត DNA ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងស្វែងរកនឹងបន្តរហូតដល់អ្នកដំណើរ និងសមាជិកអាកាសយានិកទាំង ៧២នាក់ត្រូវបានរកឃើញ។
លោក Prakash Pokhrel មន្ត្រីសម្របសម្រួលប្រតិបត្តិការជួយសង្គ្រោះនៅអាកាសយានដ្ឋាន Kathmandu បាននិយាយថា សាកសពទី៧១ ត្រូវបានគេរកឃើញកាលពីរសៀលថ្ងៃអង្គារ។ ជាមួយគ្នានេះមន្ត្រីអាកាសយានដ្ឋានបាននិយាយថា សាកសពចំនួន ៤៨នាក់ត្រូវបាននាំយកទៅកាន់រដ្ឋធានី Kathmandu កាលពីថ្ងៃអង្គារ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើកោសល្យវិច័យ ខណៈសាកសព ២២នាក់កំពុងត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារ។ ក្រុមអ្នកស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះរបស់ប្រទេសបារាំង និងកាណាដាបាននិយាយថា ពួកគេមានគម្រោងចូលរួមក្នុងការស៊ើបអង្កេតនេះដោយសារតែក្រុមហ៊ុនផលិតយន្តហោះ ATR មានមូលដ្ឋាននៅប្រទេសបារាំង ហើយម៉ាស៊ីនយន្តហោះត្រូវបានផលិតនៅប្រទេសកាណាដាដោយក្រុហ៊ុន Pratt & Whitney Canada៕
អត្ថបទ៖ ប៊ុនថន