ឧត្តរមានជ័យ ៖ លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក នឹងឧតុនិយមខេត្តឧត្តរមានជ័យ បានជំរុញដល់មន្រ្តីក្រោមឱវាទទាំងអស់ នៃមន្ទីរធនធានទឹក នឹងឧតុនិយមខេត្ត ដែលកំពុងធ្វើ សាងសង់ អាងទំនប់បង្ហៀរទឹករំចេក មានទីតាំងស្ថិតនៅភូមិរំចេក ខាងលិច ឃុំអន្លង់វែង ខេត្តឧត្តរមានជ័យ ធ្វើយ៉ាងណាត្រូវពន្លឿនការសាងសង់អាងទំនប់បង្ហៀរទឹកមួយនេះ ឲ្យបានឆាប់រហ័ស នឹងមានគុណភាពរឹងមាំល្អ ដើម្បីជាប្រយោជន៍ជួយដល់ពលរដ្ឋដែលរស់នៅតំបន់នេះបានប្រភពទឹកប្រើប្រាស់ទាំងប្រាំង នឹងវស្សាសំរាប់ធ្វើការស្រោចស្រោពផលដំណាំកសិកម្មផងដែរ។
លោកញឹន កួន បានបន្តឲ្យដឹងថា អាងទំនប់បង្ហៀរទឹករំចេក មានទទឹង៦ម៉ែត្របណ្តោយ ៦០ម៉ែត្រ អាចជួយផ្តល់ប្រភពទឹកដល់ពលរដ្ឋធ្វើកសិកម្មក្នុងភូមិរំចេកខាងលិចបានចំនួនជាង៤០០គ្រួសារ ក្នុងឃុំអន្លង់វែង ដោយកន្លងមកទំបន់នេះ នៅរដូវប្រាំងក៏ដូចជារដូវវស្សាប្រជាកសិកររស់នៅតំបន់នេះ មានការលំបាកខ្វះខាតប្រភពទឹកសំរាប់ធ្វើកសិកម្ម នឹងប្រើប្រាស់ស្រោចស្រោពផលដំណាំផ្សេងៗ។
លោកបន្តថា មើលឃើញពីការលំបាកខ្វះខាតដូច្នេះហើយ ទើបឯកឧត្តមទេសរដ្ឋមន្រ្តី លឹមគានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក នឹងឧតុនិយម បានឲ្យក្រុមការងារ ជំនាញពិនិត្យធ្វើការសិក្សាដើម្បីធ្វើការសាងសងអាងទំនប់ទឹករំចេកនេះឡើងវិញ ដើម្បីជាប្រយោជន៍ជួយសម្រួលរាល់ការលំបាកផ្សេងៗ របស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ បានមានប្រភពទឹកសំរាប់ប្រកបការងារកសិកម្មប្រចាំថ្ងៃផងដែរ។កត្ដាទាំងអស់នេះហើយ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្តក៏ដូចជាថ្នាក់ដឹកនាំក្រសួង ក្នុងការជួយសម្រាលដល់ការលំបាកនានារបស់ប្រជាពលរដ្ឋ នៅតំបនដាច់ស្រយាល ដើម្បីបានធ្វើកសិកម្មដោយមានប្រភពទឹកប្រើប្រាស់ស្រោចស្រោពគ្រប់គ្រាន់ក្នុងការធ្វើស្រែចំការ ដាំដំណាំ ក្នុងការលើកម្ពស់ជីវភាពកសិករនៅតំបន់នោះឲ្យមានភាពល្អប្រសើរឡើងផងដែរ៕
អត្ថបទ ៖ ឃិនសារិទ្ធ



