ព្រះសីហនុ៖ បន្ទាប់ពីប្រទេសកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ នៃការរីករាលដាលជំងឺកូវីដ១៩ បានល្អ និងបានបើកជំហរសេដ្ឋកិច្ច និងសង្គមឡើងវិញ។ ចាប់ពីចុងឆ្នាំ២០២២ និងដើមឆ្នាំ ២០២៣នេះ ទេសចរបរទេសបានសម្រុកចូលមកកម្សាន្ត នៅប្រទេសកម្ពុជាឡើងវិញ ជាបន្តបន្ទាប់។
ក្នុងនោះមាននាវាទេសចរណ៍បរទេសខ្នាតយក្សចំនួន ៤ គ្រឿងហើយដែលបានចូលមកកាន់កំពង់ផែខេត្តព្រះសីហនុ ត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ បានថ្លែងប្រាប់ BTV ថា ការត្រលប់មកវិញរបស់ទេសចរបរទេសមកកាន់ប្រទេសកម្ពុជា ពិសេសទឹកដីខេត្តព្រះសីហនុ តាមរយៈនាវាខ្នាតយក្សជាបន្តបន្ទាប់បែបនេះ គឺក្រោយពីភ្ញៀវទេសចរបានដឹងថា ប្រទេសកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ បានល្អប្រសើរ ដូច្នេះទេសចរដែលធ្លាប់មកកម្សាន្ត នៅប្រទេសកម្ពុជា តាំងពីមុនពេលវិបត្តិកូវីដ១៩ ក៏ចាប់ផ្ដើមត្រឡប់មកវិញបណ្ដើៗហើយ។
បើតាមលោកប្រធានមន្ទីរទេសចរណ៍ នាព្រឹកថ្ងៃទី១៨ ខែមករានេះ នាវាទេសចរណ៍បរទេសមួយគ្រឿងទៀតឈ្មោះ OCEAN ODYSSEY សញ្ជាតិ BAHAMAS បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
លោកបញ្ជាក់ថា នាវានេះបាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចំនួន ១៣៧ នាក់ ស្រី ៨៤ នាក់ (ភ្ញៀវភាគច្រើន គឺសញ្ជាតិសអាមេរិក មានចំនួន ១២៣ នាក់) មកទស្សនាប្រទេសកម្ពុជារយៈពេល ២ថ្ងៃ។ នាវានេះធ្វើដំណើរមកពីប្រទេសវៀតណាម ចូលមកកម្ពុជា ហើយនឹងចាកចេញទៅវិញនៅវេលាម៉ោង ៦ល្ងាចថ្ងៃទី១៩ ខែមករា។
ចំណែក កាលពីថ្ងៃទី ទី១៤ ខែមករា ឆ្នាំ២០២៣នេះដែរនាវាទេសចរណ៍ខ្នាតយក្ស១គ្រឿង ផ្ទុកអ្នកដំណើរ និងនាវិកជិត១ពាន់នាក់ ក៏បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចក្នុងខេត្តរយៈពេល១ថ្ងៃផងដែរ។ នាវាទេសចរណ៍ខ្នាតធំនោះ ឈ្មោះ SEABOURN ENCORE សញ្ជាតិ Bahamas មាន ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៤២៩ នាក់ និងនាវិក ៤៣០ នាក់។
គួរបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សចូលចតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ជាលើកទី៤ ហើយដឹកភ្ញៀវទេសចរចម្រុះ ជាតិសាសន៍មកទស្សនាប្រទេសកម្ពុជា ក្រោយខកខានមួយរយៈដោយសារការរាំងស្ទះពីវិបត្តិជំងឺកូវីដ១៩ នាពេលកន្លងមក៕ អត្ថបទ៖ វ៉ន ដារ៉ា








