ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះថា កម្ពុជាបានត្រៀមរួចរាល់ធ្វើម្ចាស់ផ្ទះវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ នាខែមេសាខាងមុខនេះ។ ក្រសួងប្រកាសបែបនេះ ក្នុងពេលរៀបចំកិច្ចប្រជុំត្រៀមធ្វើម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ និងកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមេសាខាងមុខនេះនៅខេត្តព្រះសីហនុ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងនៅក្នុងកិច្ចប្រជុំនេះថា តាមរយៈកិច្ចវេទិកាទេសចរណ៍មេគង្គនេះ នឹងជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា តាមបណ្តាប្រទេសតំន់តំបន់ទន្លេមេគង្គ។ ខណៈទេសចរណ៍កម្ពុជា នៅតាមតំបន់ទន្លេមេគង្គ មានសក្តានុពល និងភាពទាក់ទាញជាច្រើនកន្លែង។
ឯកឧត្តម ថោង រដ្ឋស័ក្ត អគ្គនាយក អភិវឌ្ឍន៍ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការណ៍អន្តរជាតិនៃក្រសួងទេសចរណ៍បញ្ជាក់ថា វេទិកាទេសចរណ៍មេគង្គ គឺមានប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាម បានរួមគ្នាបើកកិច្ចពិភាក្សាក្នុងកិច្ចប្រជុំជាច្រើន ដើម្បីជំរុញការអភិវឌ្ឍន៍តំបន់ទេសចរណ៍មេគង្គ និងការធ្វើទំនើបឌីជីថលក្នុងវិស័យទេសចរណ៍។
ឯកឧត្តម ថោង រដ្ឋស័ក្ត ថ្លែងថា តាមរយៈវេទិកាទេសចរណ៍មេគង្គនាពេលខាងមុខនេះ ឧត្តមមន្ត្រីទេសចរណ៍ មន្ត្រីជំនាញទេសចរណ៍ និងវិស័យឯកជន ប្រមាណជាង ២០០ នាក់ មកពី បណ្តាប្រទេសមេគង្គចូលរួមជជែកដេញដោលលើប្រធានបទ «ការគិតគូឡើងវិញ ដើម្បីភាពធន់ និងការធ្វើទំនើបកម្មឌីជីថល ក្នុងវិស័យទេសចរណ៍» ។
គួរបញ្ជាក់ថា កិច្ចប្រជុំការងារទេសចរណ៍មេគង្គបានរៀបចំដំបូងក្នុងឆ្នាំ១៩៩៦ ក្រោមជំនួយឧបត្ថម្ភរបស់ប្រទេសជប៉ុន។ ក្រោយមកពីធនាគារអភវិឌ្ឍន៍អាស៊ី ADB បានបន្តឧបត្ថម្ភគាំទ្ររៀបចំរហូតមកដល់បច្ចុប្បន្ន ដោយបានដាក់ចេញនូវគម្រោងជាច្រើន ដើម្បីអភិវឌ្ឍន៍ទេសចរណ៍តំបន់មេគង្គឲ្យបានប្រសើរឡើង៕អត្ថបទ ស៊ុម សុខជា