ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានប្រគល់រថយន្តទេសចរណ៍ប្រភេទ ១៥កៅអី ពីគម្រោងពង្រឹងប្រព័ន្ធអប់រំ មុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល ជូនគ្រឹះស្ថានបណ្តុះបណ្តាល។
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមក្នុងពិធីប្រគល់-ទទួល រថយន្ត ប្រភេទទេសចរណ៍ ១៥កៅអី ចំនួន ១០គ្រឿង ដែលជាជំនួយថវិការបស់គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេល បម្រើការងារសម្រាប់មន្ត្រីសុខាភិបាល (Strengthening Pre-Service Education System for Health Professionals Project “SPESHP) ដើម្បីប្រើប្រាស់គាំទ្រសកម្មភាពនៅតាមគ្រឹះស្ថានបណ្តុះបណ្តាល។ គម្រោងបានអនុវត្តនីតិវិធីលទ្ធកម្មទិញរថយន្តប្រភេទទេសចរណ៍ ១៥កៅអី ចំនួន ១០គ្រឿងនេះ តាមរយៈអង្គការ UNDP ដែលបានប្រគល់ជូនគម្រោងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ ផ្តល់ជូនគ្រឹះស្ថានបណ្តុះបណ្តាល រួមមាន សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាលាមធ្យមសិក្សា សុខាភិបាលភូមិភាគទាំង៤ សម្រាប់បម្រើសកម្មភាពក្នុងវិស័យបណ្តុះបណ្តាល នឹងផ្តល់ភាពងាយស្រួលការ ដឹកជញ្ជូនសិស្ស-និស្សិតចុះធ្វើកម្មសិក្សាតាមគោលដៅ ជាពិសេសការអនុវត្តឱ្យទទួលបានប្រសិទ្ធភាពនូវ លទ្ធផលរបស់គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល។
ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកដល់លោក លោកស្រី នាយកគ្រឹះស្ថានបណ្តុះបណ្តាលទាំងអស់ សូមយកចិត្តទុកដាក់រួសរាន់ បំពេញបែបបទធ្វើស្លាកលេខសម្គាល់រថយន្តឱ្យបានឆាប់ ហើយត្រូវប្រើប្រាស់និងថែទាំរថយន្តទាំងអស់នេះ ឱ្យបាន ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ចំគោលដៅការងាររបស់គម្រោង និងធានាការប្រើប្រាស់ឱ្យបានយូរអង្វែង ក៏សូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោក ដែលតែងតែគាំទ្រក្រសួងសុខាភិបាល ក្នុងការអនុវត្តគម្រោង SPESHP នេះ ក៏ដូចជាគម្រោងផ្សេងៗទៀត ក្នុងវិស័យសុខាភិបាល៕ ដោយ ៖ រដ្ឋា








