ភ្នំពេញ៖ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៦,៣៤ ពាន់លានដុល្លារទៅកាន់ប្រទេសសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កាលពីឆ្នាំ២០២២កើនឡើង ៧ ភាគរយធៀបនឹងឆ្នាំ២០២១។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញកាលពីថ្ងៃពុធនេះថា ការនាំចូលរបស់កម្ពុជា ពីប្រទេស RCEP មានទឹកប្រាក់សរុប ២៤,៦៨ ពាន់លានដុល្លារអាមេរិក កើនឡើង ៣ ភាគរយ ធៀបនឹងពីឆ្នាំ ២០២១។
របាយការណ៍បង្ហាញថា ទំហំនៃការដោះដូរពាណិជ្ជកម្ម របស់កម្ពុជា ជាមួយប្រទេស RCEP បានកើនឡើងដល់ ៣១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ កើនឡើង ៤ ភាគរយធៀបនឹងឆ្នាំ២០២១ ដោយបញ្ជាក់ថា ដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា គឺប្រទេសចិន វៀតណាម ថៃ សិង្ហបុរី និងជប៉ុន។
បានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនេះ មានប្រទេសចំនួន ១៥ នៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន ១០ និងដៃគូពាណិជ្ជកម្មចំនួនប្រាំ គឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។
ក្នុងនាមជាប្លុកពាណិជ្ជកម្មធំបំផុតរបស់ពិភពលោក កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP មានផលិតផលសរុបក្នុងស្រុកសរុបចំនួនជាង ២៦ពាន់ពាន់លានដុល្លារ ដែលតំណាងឱ្យប្រហែល ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបពិភពលោក ២៨ ភាគរយនៃពាណិជ្ជកម្មពិភពលោក និងជាង៣២ ភាគរយនៃការវិនិយោគពិភពលោក។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម មានប្រសាសន៍កាលពីពេលថ្មីៗនេះ ថា កម្ពុជា គឺជាខ្សែសង្វាក់ផ្គត់ផ្គង់មួយក្នុងចំណោមខ្សែសង្វាក់ផ្គត់ផ្គង់នៅលើពិភពលោក ដូចជា ការនាំចេញសំលៀកបំពាក់ ស្បែកជើង គ្រឿងអេឡិចត្រូនិក និងអគ្គិសនី និងកសិកម្ម ដែលជាកត្តាចម្បងដែលជំរុញការនាំចេញទៅកាន់បណ្តាប្រទេស RCEP កើនឡើង។
ឯកឧត្តម ប៉ែន សុវិជាតិ មានប្រសាសន៍ថា ចាប់តាំងពីចូលជាធរមានកាលពីដើមឆ្នាំ២០២១មក ការនាំចេញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ ជាពិសេសទៅប្រទេស RCEP បានកើនឡើងគួរឱ្យកត់សម្គាល់៕ដោយ វណ្ណៈ