
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានថ្លែងថា ការងារស្ម័គ្រចិត្ត គឺជាឱកាសនៃការតេស្ដសមត្ថភាពខ្លួនឯង ការបណ្តុះភាពជាអ្នកដឹកនាំ និងការបង្ហាញភាពជាគំរូ ដើម្បីអភិវឌ្ឍន៍ស្មារតី ចំណេះ និងជំនាញរបស់បុគ្គលម្នាក់ៗឱ្យកាន់តែរឹងមាំផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ការចូលរួមការងារស្ម័គ្រចិត្តមិនត្រឹមតែសម្រាប់ជាប្រយោជន៍ដល់សង្គមប៉ុណ្ណោះទេ តែដើម្បីអភិវឌ្ឍន៍ស្មារតី ចំណេះ ជំនាញរបស់បុគ្គលរៀងៗខ្លួនម្នាក់ៗផងដែរ។
ឯកឧត្តម បានពន្យល់បន្ថែមថា អំឡុងពេលបំពេញការងារស្ម័គ្រចិត្ត បុគ្គលម្នាក់ៗអាចសិក្សាអំពីកម្រិតនៃការអត់ធ្មត់ តស៊ូ របស់ខ្លួន ដោយសារការងារស្ម័គ្រចិត្តទាមទារការតាំងចិត្ត ការលះបង់ខ្ពស់ទាំងស្មារតី និងកម្លាំង កាយចិត្ត ដើម្បីសម្រេចគោលដៅណាមួយ។ ទន្ទឹមនេះ អ្នកស្ម័គ្រចិត្តទាំងអស់ អាចដកស្រង់បទពិសោធន៍ និងអនុវត្តជាក់ស្តែងលើការងារទំនាក់ទំនង សម្របសម្រួល និងការសម្រេចចិត្ត ដែលសុទ្ធតែជាធាតុសំខាន់ក្នុងការបណ្តុះ និងសម្រួចភាពជាអ្នកដឹកនាំសម្រាប់ខ្លួនឯងផ្ទាល់។ លើសពីនោះទៀតសោត ការចូលរួមរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ក៏នឹងក្លាយជាភាពជាគំរូដល់យុវជនដទៃទៀត ឱ្យបន្តស្មារតី និងសកម្មភាពវិជ្ជមានដែលជះឥទ្ធិពលទៅលើសង្គម និងប្រទេសជាតិ ។
បើតាមឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការ នៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាសមាជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តម ហ៊ុន ម៉ានី លើកិច្ចការលើកកម្ពស់សមត្ថភាពយុវជនក្នុងការងារមនុស្សធម៌ និងសង្គម។
ឯកឧត្តមសាស្ត្រាចារ្យ បានបញ្ជាក់ថា «តាមរយៈវត្តមាន និងបេសកកម្មរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃស.ស.យ.ក. យុវជនជានិស្សិត នៃសាកលវិទ្យាល័យ បានទទួលឱកាសជាច្រើនបន្ថែម ដែលអនុញ្ញាតឱ្យពួកគេអាចចូលរួមដើម្បីសង្គម ជាពិសេសក្នុងដំណាក់កាលកូវីដ-១៩ មិនថាការងារស្ម័គ្រចិត្តជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តស.ស.យ.ក. និងការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ជូនប្រជាពលរដ្ឋ»៕ អត្ថបទ៖ រដ្ឋា




