
តាកែវ៖ លោក មាស វីរិទ្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ការគ្រប់គ្រងទិន្នន័យអ្នកញៀនគ្រឿងញៀន បានច្បាស់លាស់ គឺអាចឱ្យសមត្ថកិច្ចធ្វើការវាយតម្លៃបានច្បាស់លាស់ដូចគ្នា អំពីសកម្មភាពជូញដូរគ្រឿងញៀន។
លោកបានបញ្ជាក់បែបនេះ ក្នុងពេលធ្វើជាអធិបតីបិទវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់គ្រឿងញៀន នាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នៅសាលាខេត្តតាកែវ។ ពិធីនេះ ក៏មានការចូរួមពីលោក យង់ សុវឌ្ឍនា អភិបាលរង និងជាប្រធានលេខាធិការគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តតាកែវ រួមនឹងមន្ដ្រីរាជការជាច្រើនរូបទៀត។
លោក មាស វីរិទ្ធ បានសាទរចំពោះលទ្ធផលដែលអ្នកពាក់ព័ន្ធទាំងអស់ នៃវគ្គបណ្តុះបណ្តាលរួមគ្នាសម្រេចបាន ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីអនុវត្តច្បាប់សំដៅបង្ការបង្ក្រាបបទល្មើសគ្រឿងញៀន និងជួយឱ្យអ្នកញៀនគ្រឿងញៀនទទួលបានសេវាព្យាបាល។
លោកថ្លែងថា «ការគ្រប់គ្រងទិន្នន័យអ្នកញៀនគ្រឿងញៀនបានច្បាស់លាស់ អាចឱ្យវាយតម្លៃបានពីសកម្មភាពជូញដូរគ្រឿងញៀន»។
លោក មាស វីរិទ្ធ បានបញ្ជាក់ថា ស្ថានភាពនៃការបង្វែរសារធាតុគីមីផ្សំ ដែលបច្ចុប្បន្នត្រូវបានឈ្មួញលួចបង្វែរពីការផលិតកែឆ្នៃពីគ្រឿងញៀនពាក់កណ្តាលសំយោគ ទៅជាគ្រឿងញៀនសំយោគសុទ្ធសាធ ហើយបង្ករការគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់កាន់តែធ្ងន់ធ្ងរជាងមុន។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់គ្រឿងញៀននេះ បានធ្វើឡើងចាប់ពីថ្ងៃ១៧-១៨ ខែមករា ឆ្នាំ២០២៣ ដោយមានមន្ត្រីអនុវត្តច្បាប់គ្រឿងញៀនមកពីអង្គភាព និងក្រុង ស្រុកទាំង ១០ នៃខេត្តតាកែវ ចំនួន ៨៣នាក់ បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា


