ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៩ខែមករានេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការនូវស្តង់ដារអប្បបរមាសម្រាប់មូលដ្ឋានសុខាភិបាលឯកជននៅកម្ពុជា។
ពិធីនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីក្រសួងសុខាភិបាល ដៃគូរសហការណ៍អន្តរជាតិ និងម្ចាស់មូលដ្ឋានសុខាភិបាលឯកជនជាដើម។
ការបង្កើតស្តង់ដារអប្បបរមានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងមូលដ្ឋានសុខាភិបាលឯកជន ដោយស្តង់ដារនេះ ចែកចេញជាបីផ្នែករួមមាន៖ ផ្នែកទី១ មាន ៥៧ ស្តង់ដារ គណៈកម្មការវាយតម្លៃមុនការអនុញ្ញាតឱ្យបើក ទី២ មានចំនួន ១៨ ស្តង់ដារគណៈកម្មការនឹងវាយតម្លៃនៅពេលកំពុងដំណើរការសេវារបស់ខ្លួន និង ទី៣ មានចំនួន ១៣ ស្ដង់ដារ សម្រាប់ធ្វើការវាយតមៃ្លពេលស្នើសុំបន្តសុពលភាពមូលដ្ឋានសុខាភិបាលឯកជន៕





