កណ្តាល៖ ចាប់ពីតាំងពីថ្ងៃទី៩ ខែមករា រហូតមកដល់ពេលនេះ បណ្តាក្រុមពេទ្យនៅតាមមូលដ្ឋានសុខាភិបាលនានា នៅខេត្តកណ្តាល បានធ្វើសកម្មភាពពង្រីកការចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសជំរុញពីមណ្ឌលសុខភាព ទៅដល់បណ្តាសាលារៀននានានៅក្នុងមូលដ្ឋានរបស់ខ្លួន។ ក្រុមពេទ្យថ្លែងថា សម្រាប់ដំណើរការចាក់វ៉ាក់សាំងកូវីដដូសជំរុញ ក្នុងរយៈពេល១០ថ្ងៃនេះ ការចាក់លើមនុស្សក្មេងគឺមានកំណើនកើនលឿនជាងមនុស្សចាស់។
បើតាមលោក ប្រាក់ វិរក្ស ប្រធានមណ្ឌលសុខភាពស្វាយលំ ក្រុងតាខ្មៅ ថ្លែងប្រាប់BTV នៅថ្ងៃទី១៩ ខែមករានេះ ថ្លែងថា ក្នុងរយៈពេល១០ថ្ងៃកន្លងមក មណ្ឌលសុខភាពស្វាយរលំ ក៏ដូចមណ្ឌលសុខភាពនានានៅទូទាំងខេត្តកណ្តាល គឺបានធ្វើសកម្មភាពចុះចាក់វ៉ាក់សាំងដូសជំរុញពីដូសទី៣ រហូតដល់ដូសទី៦ ជូនមនុស្សក្មេងៗ និងមនុស្សចាស់នៅតាមសាលារៀនផង និងនៅក្នុងមណ្ឌលសុខភាពផងដែរ ហើយនៅក្នុងដំណើការចាក់ដូសជំរុញនោះ មនុស្សក្មេងហាក់មានការសម្រេចចិត្តមកចាក់លឿនជាងមនុស្សចាស់ ។
បើតាមសិស្សមកពីសាលាបឋមសិក្សា ហ៊ុន សែនស្វាយរលំ ថ្លែងថា ប៉ុន្មានថ្ងៃមុននេះ មានក្រុមពេទ្យទៅចាក់វ៉ាក់សាំងកូវីដ១៩ ដល់សិស្សានុសិស្សនៅតាមសាលារៀនរបស់គេ ហើយសម្រាប់សិស្សដែលមិនទាន់បានចាក់នៅឯសាលា គឺគេមកចាក់នៅមណ្ឌលសុខភាព តែទោះយ៉ាងណាក៏ដោយ ក្រុមសិស្ស ក៏បានអំពាវនាវសិស្សានុសិស្សសាលាផ្សេងៗទៀត នាំគ្នាចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ដើម្បីកុំឲ្យកូវីដមានឆ្លងនៅក្នុងសាលារៀន។
តាមរបាយការណ៍វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានឲ្យដឹងថា នៅទូទាំងខេត្តកណ្តាល មានពលរដ្ឋគោលដៅត្រូវចាក់វ៉ាក់សាំងកូវីដ១៩ មានចំនួនសរុបជាង ១លាន៤ម៉ឺននាក់ ក្នុងនោះពលរដ្ឋបានចាក់វ៉ាក់សាំងដូសបានចំនួន២ដូស មានប្រមាណ១០៩% ចាក់បានចំនួន៣ដូសប្រមាណជាង៩៥% ដូសទី៤ ចាក់បានប្រមាណ៣៥% ដូសទី៥ចាក់បានប្រមាណជាង៧% ។ ដោយឡែកដូសទី៦ចាក់បានប្រមាណតែ០.១២% ប៉ុណ្ណោះ៕
អត្ថបទ ស៊ុម សុខជា