អ៊ុយក្រែន៖ កាលពីថ្ងៃទី១២ ខែមករា កងកម្លាំងរុស្ស៊ីបានវាយដណ្ដើមគ្រប់គ្រងទីក្រុងផលិតអំបិល របស់អ៊ុយក្រែននៅក្នុងតំបន់ Donetsk ជាការដណ្ដើមបានលើកដំបូងចាប់តាំងពីខែកក្កដាមក។ វាជាសប្ដាហ៍ដ៏អាក្រក់សម្រាប់ប្រទេសអ៊ុយក្រែន។

២ថ្ងៃក្រោយមកកងកម្លាំងរុស្ស៊ីបានបាញ់ស្រោចរ៉ូកែតប្រមាណ ៥០គ្រាប់ទៅលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន។ អគារអឹផាតមិនដ៏ធំមួយនៅក្នុងទីក្រុងឌីនីប្រូ (Dnipro) សម្លាប់មនុស្សជាង ៤០នាក់នៅក្នុងការវាយប្រហារដ៏បំផុតមួយ ក្នុងចំណោមការវាយប្រហារធំៗជាច្រើនរបស់សង្គ្រាមនេះ។ ប្រធានាធិបតីអ៊ុយក្រែនបានស្ដីបន្ទោសរុស្ស៊ី ប៉ុន្តែវិមានក្រឹមឡាំងបានច្រានចោលការទទួលខុសត្រូវ ចំពោះការវាយប្រហារទាំងនោះ។ ហើយកាលពីព្រឹកថ្ងៃទី១៨ ខែមករាសប្ដាហ៍នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនបានស្លាប់រួមជាមួយមនុស្ស ១៤នាក់ រួមទាំងកុមារផ្សេងទៀតនៅពេលឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ នៅខាងក្រៅមជ្ឈមណ្ឌលថែទាំងកុមារជិតទីក្រុង Kyiv។ ហេតុការណ៍នេះពុំទាន់ត្រូវបានគេដឹងភ្លាមៗទេ ពីមូលហេតុនាំឲ្យមានឧបទ្ទវហេតុនេះ។ ទីក្រុង Soledar ដែលជាទីក្រុងផលិតអំបិលបានធ្លាក់ចូលក្នុងដៃកងកម្លាំងរុស្ស៊ី មួយសប្ដាហ៍បន្ទាប់ពីការវាយប្រយុទ្ធគ្នាដ៏ក្ដៅគគុក។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសជ័យជម្នះមួយថ្ងៃបន្ទាប់ ខណៈដែលប្រភពយោធានានារបស់រុស្ស៊ីបាននិយាយថា ទាហានរបស់ទីក្រុង Moscow បានវាយរុលទៅមុខចូលទៅតំបន់ Krasnaya Gora ស្ថិតក្នុងតំបន់ខេត្ត Donetska ឆ្ពោះទៅភាគនិរតី។ ប៉ុន្តែអ្នកនាំពាក្យកងកម្លាំងអ៊ុយក្រែនក្នុងភាគខាងកើតបាននិយាយថា ទាហានរបស់ទីក្រុង Kyiv នៅតែកំពុងប្រយុទ្ធដណ្ដើមទីក្រុង Soledar ជាមួយទាហានរុស្ស៊ី និងចោទរុស្ស៊ីថា កំពុងផ្សព្វផ្សាយព័ត៌មានមិនពិត៕
អត្ថបទ៖ សុខមាន