ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញពិនិត្យមើលអំពីវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» មានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងសំណេះសំណាលជាមួយកម្មករនៅក្នុងការដ្ឋាននៃមន្ទីរពេទ្យនេះប្រមាណ១,២០០ នាក់។
ក្រោយពីបានពិនិត្យមើលពីវឌ្ឍនភាព នៃសំណង់មន្ទីរពេទ្យមួយនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សំណងអគារ«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»មាន១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់(E)មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ,អគារព្យាបាលកម្រិតធ្ងន់(H1និង H2) មានគ្រែសរុបចំនួន៥២៧គ្រែ, អគារព្យាបាលកម្រិតស្រាល(H3,H4,H5,H6និងH7)មានគ្រែសរុប៨,៩៦៩ គ្រែ,គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន៤៦គ្រែនិងគ្រែបុគ្គលិកស្នាក់នៅចំនួន២០៦ គ្រែ,អគារបច្ចេកទេស(T1),អគារបច្ចេកទេស (T2),អគារផ្គត់ផ្គង់និងព័ត៌មាន(A)មានទំហំ២,៨៣៥ ម៉ែត្រការ៉េ,អគារស្នាក់នៅសម្រាប់បុគ្គលិក (S)មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារពណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េ ។ មន្ទីរពេទ្យនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។
មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ។មន្ទីរពេទ្យជាតិដ៏ធំមួយនេះគ្រោងនឹងបញ្ចប់ការសាងសង់ រួចជាស្ថាពរនិងដាក់ឲ្យដំណើរការជាផ្លូវការនៅខែមិថុនាឆ្នាំ២០២៣។ «មន្ទីរពេទ្យជាតិ តេជោសន្ដិភាព» នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេស កម្ពុជាដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ។ ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំមន្ទីរពេទ្យជាតិដ៏ធំមួយនេះអាចមានលទ្ធភាពទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេដោយមន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ។
ក្នុងវត្តមានដ៏ថ្លៃថ្លានេះ សម្តេចតេជោ បានវាយតម្លៃ និងកោតសរសើរពីវីរភាពនៃការលះបង់ខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យនិងស្ថាប័នពាក់ព័ន្ធនៃស្ថាប័នជាតិ និងប្រជាពលរដ្ឋដែលបានចូលរួម ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលកូវីដ១៩ បានយ៉ាងជោគជ័យ។ សម្តេចបញ្ជាក់ថា មន្ទីរពេទ្យថ្មីដែលសាងសង់មានគ្រែជិត១ម៉ឺនគ្រែបែបនេះ ប្រហែលមិនមានមន្ទីរពេទ្យណានៅលើពិភពលោក មានដូចនោះទេ។
សម្តេច បញ្ជាក់ថា ការសាងសង់មន្ទីរពេទ្យនេះ ផ្តើមចេញពីគោលដៅទប់ស្កាត់ការផ្ទុះជំងឺឆ្លងឡើងវិញ ប៉ុន្តែដោយពេលនេះមិនមានការផ្ទុះឡើងវិញទើបតម្រូវឱ្យប្រែក្លាយទៅជាមន្ទីរពេទ្យពហុព្យាបាល ដើម្បីឈានទៅកាត់បន្ថយសម្ពាធចូលទៅព្យាបាលនៅកណ្តាលទីក្រុង។ជាមួយនឹងការបង្ហាញពីហេដ្ឋរចនាសម្ព័ន្ធនៃមន្ទីរពេទ្យថ្មីនេះ សម្តេចថា កូវីដ១៩ វាអាក្រក់ ប៉ុន្តែវាបានដាស់តឿនយើងឱ្យប្រុងប្រយ័ត្ន និងនាំឱ្យមានការសាងសង់ដ៏ធំបែបនេះ ខណៈពេលមុនយើងបានខ្ចីកន្លែងនេះ កន្លែងនោះសម្រាប់ការព្យាបាល។
សម្ដេចបានបន្តថា នៅពេលខាងមុខក្រសួងសុខាភិបាលត្រូវគ្រប់គ្រងមន្ទីរពេទ្យនេះដែលឥឡូវបានតែងតាំងប្រធានមន្ទីរពេទ្យរួចហើយៗសម្តេចក៏បានណែនាំ អនុញ្ញាតឱ្យរដ្ឋមន្ត្រីសុខាភិបាល ចុះហត្ថលេខាតែងតាំងអនុប្រធាន៥រូបទៀត តែម្តងដោយមិនចាំបាច់រង់ចាំមាន លិខិត ពីក្រសួងមុខងារសាធារណៈជាមិននោះទេ ដើម្បីឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រងមន្ទីរពេទ្យនេះ។
សម្តេច បន្តថា ក្របខណ្ឌពេទ្យ១៥០នាក់ឱ្យមន្ទីរពេទ្យនេះ មិនទាន់គ្រប់គ្រាន់នៅឡើយ គឺត្រូវការរហូតដល់១០០០នាក់ ដែលមានគ្រប់ឯកទេសនានា និងបានប្រកាសផ្តល់ក្របខណ្ឌបន្ថែម២០០នាក់ទៀតតាមរយៈការប្រឡង និងបានសម្រេចផ្តល់មន្ត្រីជាប់កិច្ចសន្យា៣០០នាក់សម្រាប់អ្នកបើកបររថយន្តពេទ្យឬផ្នែកអគ្គិសនីជាដើម។សម្តេចថា ទោះបីតម្រូវការផ្នែកការពារជាតិ សន្តិសុខកាន់តែធំ ប៉ុន្តែវិស័យសុខាភិបាលនិងអប់រំក៏សំខាន់ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចបានផ្ញើសារនយោបាយឱ្យក្រុមអ្នកប្រឆាំង ជាពិសេសអ្នកដែលបានចេញសេចក្តីថ្លែងការណ៍កាលពីម្សិលមិញដែលថា គណបក្សកាន់អំណាចកៀបសង្កត់ ការដែលត្រូវបានចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនអំពីរឿងចេញសែកស្អុយ សម្តេចបានព្រមានឱ្យមានការសុំទោសសម្តេច បើមិនដូច្នោះសម្តេចក៏បានណែនាំឱ្យមេធាវីគណបក្សប្រជាជនពិនិត្យមើល និងប្តឹងតាមផ្លូវច្បាប់ជាបន្តទៀត។
សម្តេចថា សម្តេចមិនអត់ឱនឱ្យបានជាដាច់ខាត ព្រោះបើចង់ឈ្នះការឃោសនាផ្នែកនយោបាយ ត្រូវយកគំរូតាមការឃោសនាពាណិជកម្ម ដោយមិនត្រូវមកបង្អាប់ប៉ះពាល់អ្នកដ៏ទៃនោះឡើយ៕












