ចិន៖ គេតែងបានលឺសំឡេងអ៊ូអរស្ទើររាល់ថ្ងៃនៅពាក់កណ្ដាតអាធ្រាត្រ។ ក្រោយមកមានការបាញ់កាំជ្រួចភ្ញី និងសកម្មភាពផ្សេងទៀតលាយឡំដោយចម្រៀងបុណ្យសពដែលបានប្រគំនៅលើស្គរ និងសំឡេងផ្លុំស្នែងតាមប្រពៃណី។

ពិធីបុណ្យជាច្រើនដែលមានន័យថា ជាការបញ្ជូនព្រលឹងនៃអ្នកស្លាប់ចេញពីការរងទុក្ខមានឡើង ខណៈការផ្ទុះរាលដាលដ៏ធ្ងន់ធ្ងរបំផុតនៃវីរុសរាតត្បាតសកលកូរ៉ូណារបស់ចិន ឆ្លងរាលដាលទៅកាន់ទីជនបទដែលងាយរងគ្រោះបន្ថែមទៀត។ អ្នកដំណើរវ័យ ២៤ឆ្នាំដែលកំពុងធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់នាងនៅស្រុក Taoyuan ភាគខាងត្បូងខេត្ត Hunan សម្រាប់ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលជាថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ចិនបាននិយាយថា ខានមានពេលវេលាដ៏ល្អនេះច្រើនឆ្នាំមកហើយ។ ពិធីបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិលើកដំបូងរបស់ចិន ដោយគ្មានការរឹតត្បិតការឆ្លងរាលដាលវីរុស Covid-19 បានផ្ដល់ឱកាសឲ្យគ្រួសារដែលបានបែកគ្នានៅទូទាំងប្រទេស បានជួបជុំគ្នា មួយចំនួនក្នុងចំណោមពួកគេមានពេលបានជួបជុំគ្នាជាលើកដំបូង ក្នុងពេលប៉ុន្មានឆ្នាំមកនេះ។

ប៉ុន្តែកម្មករចំណាកស្រុក និស្សិត និងមនុស្សជាច្រើនទៀតដែលកំពុងធ្វើដំណើរចេញពីទីក្រុងនានា ដែលបានបិទដោយសារការទប់ស្កាត់ការឆ្លងវីរុស អាចនាំវីរុសនេះត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ ដែលបង្កក្ដីបារម្ភកើនឡើង ពិសេសសម្រាប់មនុស្សចាស់។ ថ្ងៃឈប់សម្រាកដែលមានរយៈពេល ៤០ថ្ងៃនៅក្នុងប្រទេសចិន ដែលត្រូវគេស្គាល់ថាជាពិធីបុណ្យនិទាឃៈរដូវ ត្រូវបានគេហៅថាជាការធ្វើចំណាកស្រុករបស់មនុស្សប្រចាំឆ្នាំដ៏ធំបំផុតតែមួយគត់។ ក្រសួងដឹកជញ្ជូនចិនបាននិយាយនៅខែនេះថា ខ្លួនរំពឹងថានឹងមានអ្នកដំណើរជាង ២ពាន់លាននាក់ ដែលចំនួននេះកើនឡើងទ្វេដងលើសឆ្នាំមុន និងប្រមាណ ៧០លើសកាលពីឆ្នាំ២០១៩៕
អត្ថបទ៖ សុខមាន