បន្ទាយមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា សម្ដេចមានលទ្ធភាពត្រឹមពន្លត់ភ្លើងសង្គ្រាម ប៉ុណ្ណោះ ប៉ុន្តែគ្មានលទ្ធភាពពន្លត់ក្រុមពួកអាសិរពិស ដែលតែងតែទាមទារឱ្យសម្ដេចចុះចេញពីតំណែងបានឡើយ។
ក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សម្ដេច បានឡើងកាន់តំណែង គឺតាមការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ ហើយបើសិនជាចុះវិញ ក៏តាមការបោះឆ្នោតដែរ។
នៅពេលមានវត្តមានលើទឹកដីស្រុកម៉ាឡៃនេះ សម្ដេចតេជោ ក៏បានរំលឹកអំពីនយោបាយឈ្នះ ឈ្នះ ដែលចាប់ផ្ដើមពីទីនេះ ដោយសម្ដេច បានបញ្ជាក់ថា នយោបាយឈ្នះ ឈ្នះ បើគ្មានតួអង្គអ៊ីឈានទេ មិន អាចចាប់ផ្ដើមបានឡើយ។ ដូច្នេះ ២៤ឆ្នាំក្រោយនេះ កម្ពុជា បានឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលតែងតែមានសង្គ្រាមអូសបន្លាយរាប់រយឆ្នាំមកនោះ ហើយបន្ទាប់ពីសមាហរណកម្ម តំបន់ម៉ាឡៃ និងបណ្ដាស្រុកតាមខ្សែបន្ទាត់ព្រំដែននេះ បានប្រែក្លាយពីតំបន់សមរភូមិប្រយុទ្ធដ៏ស្រួច ស្រាវពីអតីតកាល មកជាតំបន់អភិវឌ្ឍន៍រីកចម្រើន។
ជាមួយនឹងការថ្លែងអំណរគុណដល់ប្រជាពលរដ្ឋស្រុកម៉ាឡៃ ក៏ដូចជា អ្នកខេត្តបន្ទាយមានជ័យ ទាំងមូល ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០២៣ ជាបន្តទៀត ដើម្បីបន្តរួមសុខរួមទុក្ខ ជាមួយគ្នាតទៅទៀត៕
អត្ថបទ ៖ មុត សុទ្ធ




