បាល់ទាត់៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ បានរកឃើញបេក្ខភាពឡើងវគ្គ ១៦ក្រុមចុងក្រោយផ្នែកបុរស ៤ក្រុមទៀតហើយក្រោយដំណើរការប្រកួតបានជិត ២សប្ដាហ៍ រួមមានក្រុម ស.ស.យ.ក ខេត្តបាត់ដំបងមកពីពូល I, ក្រុម ស.ស.យ.ក ស្រុកខ្សាច់កណ្ដាលមកពីពូល J, ក្រុម Royal Mayura Resort មកពីពូល K និងក្រុម Try All FC មកពីពូល L។
សម្រាប់ក្រុម ស.ស.យ.ក ខេត្តបាត់ដំបង, ក្រុម ស.ស.យ.ក ស្រុកខ្សាច់កណ្ដាល និងក្រុម Royal Mayura Resort បានឡើងវគ្គបន្ដសុទ្ធតែរកបាន ៩ពិន្ទុពេញដូចគ្នា ក្រោយយកឈ្នះគូប្រកួត ៣ប្រកួតជាប់គ្នាក្នុងពូលរៀងៗខ្លួន ជាក់ស្ដែងការប្រកួតបញ្ចប់ពូលកាលពីថ្ងៃទី១៨ ខែមករាម្សិលមិញ ក្រុម ស.ស.យ.ក ខេត្តបាត់ដំបងបានយកឈ្នះក្រុមយុវជនឥន្ទ្រីខ្មៅ ១-០, ក្រុម ស.ស.យ.ក ស្រុកខ្សាច់កណ្ដាលយកឈ្នះក្រុមខ្មែរស្ដារ ១០-០ និងក្រុម Royal Mayura Resort យកឈ្នះក្រុមយុវជនសាមគមក្លិបបាល់ទាត់អគ្គិសនីកម្ពុជាដោយលទ្ធផល ៥-១។ ចំណែកក្រុម Try All FC បានឡើងវគ្គបន្ដទាំងប្រផិតប្រផើយ ក្រោយយកឈ្នះក្រុមលោកអ៊ុំអេហ្វស៊ី ៤-០។ ជ័យជម្នះនេះបានធ្វើឲ្យ Try All មាន ៦ពិន្ទុស្មើគ្នាជាមួយក្រុម ស.ស.យ.ក រាជធានីភ្នំពេញ តែដោយសារប្រវត្តិធ្លាប់ជួបគ្នាក្នុងពូល ក្រុម Try All ធ្លាប់យកឈ្នះក្រុម ស.ស.យ.ក រាជធានីភ្នំពេញ ទើបពួកគេមានឱកាសឈរកំពូលតារាង និងទទួលបានកៅអីវគ្គ ១៦ក្រុមចុងក្រោយ។
ដោយឡែកការប្រកួតផ្នែកនារីវិញ ក្រុមភ្នំពេញក្រោន និងសុភីណាអេហ្វស៊ីបានបន្ថែម ៣ពិន្ទុរៀងៗខ្លួនក្នុងពូល B បន្ទាប់ពីភ្នំពេញក្រោនយកឈ្នះក្រុមខេមរាជ័យ ៥-០ និងក្រុមសុភីណាអេហ្វស៊ីយកឈ្នះក្រុមសម្រស់ចំការលើ ១-០។ ជ័យជម្នះនេះបានធ្វើឲ្យក្រុមទាំងពីរឈរលេខ១ និងលេខ២ ដោយមាន ៧ពិន្ទុស្មើគ្នា ខណៈក្រុមសម្រស់ចំការលើ បានធ្លាក់មកឈរលេខ៣ ដោយរក្សា ៦ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ៣ប្រកួតដូចគ្នា៕
អត្ថបទ៖ លី ឈុនឡា